វាយកូនបាល់៖ កីឡាករវាយកូនបាល់អេស្ប៉ាញ Rafael Nadal បានរក្សាស្ថិតិមិនចាញ់ពីរប្រកួតជាប់គ្នាឡើយនៅលើទីលានដីក្រហម បន្ទាប់ពីយកឈ្នះកីឡាករអាមេរិក John Isner ឡើងជុំទី៣ កម្មវិធី ATP Italian Open។
Nadal ថ្មីៗនេះទើបតែចាញ់មិត្តរួមជាតិអេស្ប៉ាញគឺកីឡាករយុវជនវ័យ ១៩ឆ្នាំ Carlos Alcaraz នៅវគ្គ ៨នាក់ចុងក្រោយកម្មវិធី Madrid Open។ មកដល់ទឹកដីអ៊ីតាលីនេះ Nadal ឆ្លើយតបនឹងបរាជ័យរបស់ខ្លួនជាមួយនឹងជ័យជំនះ ៦-៣ និង ៦-១ លើ John Isner។ ជុំបន្ត Rafael Nadal នឹងត្រូវជួបជាមួយកីឡាករកាណាដា Denis Shapovalov។ ដោយឡែកគូផ្សេងទៀត ម្ចាស់មេដាយមាសអូឡាំពិកទីក្រុងតូក្យូ Alexander Zverev ក៏បានឈានចូលជុំទី៣ ដែរក្រោយយកឈ្នះកីឡាករអាហ្សង់ទីន Sebastian Baez ៧-៦(៨-៦) និង ៦-៣។ សូមបញ្ជាក់ថា ព្រឹត្តិការណ៍វាយកូនបាល់ Italian Open រឺក៏ Rome Masters នេះនឹងបញ្ចប់នៅថ្ងៃអាទិត្យនេះហើយ ពោលគឺមុនមួយសប្តាហ៍នៃការមកដល់របស់ព្រឹត្តិការណ៍ Grand Slam, French Open៕
អត្ថបទ៖នាង សុភាវុធ