អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានថ្លែងអំណរគុណដល់សហរដ្ឋអាមេរិកកាលពីថ្ងៃពុធ សម្រាប់កញ្ចប់ជំនួយថ្មីចំនួន ៤០ពាន់លានដុល្លារ។

ថ្លែងនៅក្នុងសុន្ទរកថាតាមវីដេអូកាលពីថ្ងៃពុធលោក Zelenskyy បាននិយាយថា មូលនិធិទាំងនេះនឹងត្រូវបានប្រើប្រាស់បន្ទាន់ និងដើម្បីពង្រឹងវិស័យការពារជាតិរបស់អ៊ុយក្រែន ដែលអនុញ្ញាតឱ្យប្រទេសនេះទទួលបានអាវុធ និងឧបករណ៍បន្ថែមទៀត។ លោកបាននិយាយថា ជំនួយរបស់សហរដ្ឋអាមេរិកក៏នឹងជួយក្នុងការស៊ើបអង្កេតឧក្រិដ្ឋកម្មសង្គ្រាមបង្កដោយរុស្ស៊ីផងដែរ។ លោក Zelenskyy បានលើកឡើងថា ប្រធានាធិបតីលោក Joe Biden បានចុះហត្ថលេខាលើសេចក្តីស្នើច្បាប់ ដោយប្រើប្រាស់លើច្បាប់ស្តីពីការជំរុញវិស័យការពារជាតិ ឬច្បាប់ឲ្យខ្ចី ឬជួលឆ្នាំ១៩៤១ ដែលផ្តល់អាវុធរបស់សហរដ្ឋអាមេរិកសម្រាប់សម្ព័ន្ធមិត្ត ក្នុងកំឡុងសង្គ្រាមលោកលើកទី២ ដែលជួយកម្ចាត់ពួកណាស៊ី។
លោកបានបញ្ជាក់ថា យើងកំពុងការពារសេរីភាព និងសិទ្ធិរស់រានមានជីវិតរបស់ប្រជាជនទាំងអស់ ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងរបបផ្តាច់ការដែលបង្ហាញពីការគំរាមកំហែងដល់អឺរ៉ុប។ លោក Zelenskyy បានបង្ហាញទំនុកចិត្តថា អ៊ុយក្រែននឹងរំដោះបានទឹកដី និងប្រជាជនរបស់ខ្លួនយ៉ាងពេញលេញ៕
អត្ថបទ៖ ប៊ុនថន