កំពង់ស្ពឺ៖ អភិបាលខេត្តកំពង់ស្ពឺឯកឧត្តមណ្ឌិត ជាម ចន្ទ័សោភ័ណ បានធ្វើការក្រើនរំឭក និងជំរុញដល់មន្ទីរជំនាញពាក់ព័ន្ធឱ្យពន្លឿនការនាំទឹកទៅសង្គ្រោះស្រូវពលរដ្ឋ ដែលរងផលប៉ះពាល់ជិត៦ម៉ឺនហិកតា នៅតាមបណ្តាក្រុង ស្រុកទាំង៨ នៃខេត្តកំពង់ស្ពឺ ក្រោយរងផលប៉ះពាល់ដោយកូនរដូវប្រាំងអូសបន្លាយនិងឥទ្ធិពលបាតុភូតអេលីញូ។
នៅក្នុងឱកាសដឹកនាំមន្ទីរជំនាញចុះពិនិត្យដំណាំស្រូវដែលរងផលប៉ះពាល់ ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងថា ស្ថានភាពដើមស្រូវ គឺមានសភាពខ្លោចដោយអន្លើៗ ប៉ុន្តែអាចនៅមានសង្ឃឹមប្រសិនជាការអន្តរាគមន៍នាំទឹកបានទៅដល់ទាន់ពេលវេលា។មួយវិញទៀត នៅប៉ុន្មានថ្ងៃចុងក្រោយនេះ ភ្លៀងបានបង្អុរចុះពីមធ្យមទៅបង្គួរ ហើយបានគ្របដណ្តប់និងស្រោចស្រពផ្ទៃដីស្រែខ្លះនៅតាមបណ្តាស្រុកក្រុងមួយចំនួនបានធ្វើឱ្យស្រូវមានកម្លាំងនិងអាចត្រូលអាកាសធាតុរាំងស្ងួតបានមួយរយៈបន្ថែមទៀតផងដែរ។
ឯកឧត្តមបានបន្តថា ក្នុងកំឡុង១០ថ្ងៃទៀត ប្រសិនមន្ទីរជំនាញអាចរុញទឹកទៅដល់គោលដៅរងគ្រោះ ឬភ្លៀងបន្តធ្លាក់នោះកសិករគឺអាចមានរំពឹងឡើងវិញ និយាយជារួម គឺស្រូវអាចសង្គ្រោះបានយ៉ាងហោច៧០ភាគរយ នៃផលប៉ះពាល់រួម។ ចំពោះស្រុកក្រុងចំនួនបីទៀតដែលគ្មានប្រភពទឹក អាជ្ញាធរស្រុក ក្រុងត្រូវរិះរកប្រភពទឹករួចសហការជាមួយមន្ទីរជំនាញធនធានទឹក ដើម្បីទាញទឹកពីស្ទឹងក្រាំងពន្លៃនៃស្រុកថ្ពងនាំយកទៅស្រោចស្រពផ្ទៃដីស្រែរបស់ប្រជាពលរដ្ឋកំពុងរងគ្រោះនៅបណ្តាស្រុក ក្រុងដែលនៅក្បែរនោះ។
លោក យឹម ណន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ បានឱ្យដឹងថា កូនរដូវប្រាំងដំណាក់កាលទី២និងបាតុភូតអេលីញូ បានបង្កផលប៉ះពាល់ដល់ដំណាំស្រូវពលរដ្ឋ៨ក្រុង ស្រុកមាន ស្រុកបសេដ្ឋចំនួន ៤៥០៦ហិកតា ក្រុងច្បារមនចំនួន ៩៩៣ហិកតា ស្រុកគងពិសីចំនួន ៧៣៩៤ហិកតា ស្រុកឱរ៉ាល់ចំនួន ៧៩៣ហិកតា ស្រុកសំរោងទងចំនួន ២៤១១៥ហិកតា ស្រុកក្រុងទាំង៤នេះ សង្គ្រោះបានទាំងស្រុង។
លោកបានបន្តថា ចំពោះស្រុកថ្ពងចំនួន៤៤២១ហិកតា សង្គ្រោះបាន២១៩៥ហិកតា ក្រុងឧដុង្គម៉ែជ័យចំនួន៥២៤៩ហិកតា សង្គ្រោះបាន១៧១៤ហិកតា និងស្រុកសាមគ្គីមុនីជ័យចំនួន៩១២៨ហិកតា សង្គ្រោះបានចំនួន១១៤០ហិកតា ។
សូមបញ្ជាក់ថា ផែនការបង្កបង្កើនផលស្រូវរដូវវស្សាឆ្នាំ២០២៦ គឺចំនួន១២០.៥២៧ហិកតា ហើយអនុវត្តបានលើការព្រោះ ស្ទូង គិតត្រឹមចុងខែសីហា បានចំនួន ១២៧.៥៨៧ហិកតា ស្មើ ១០៥,៨៦ភាគរយ ប្រៀបធៀបរយៈពេលដូចគ្នានឹងឆ្នាំ២០២៥កើនឡើងចំនួន ៨ ២២៨ហិកតា ៕ អត្ថបទ បាន សុខរិទ្ធិ










