បាល់ទាត់៖ ខ្សែការពារវ័យចំណាស់អ៊ីតាលី Giorgio Chiellini បានបញ្ជាក់ច្បាស់ថា នឹងចាកចេញពីក្រុមសេះបង្កង់ Juventus មែនទែនហើយនៅដំណាច់រដូវកាលនេះ ក្រោយចំណាយពេលអស់ ១៧ឆ្នាំជាមួយក្លិប។

ខ្សែការពារកណ្តាលវ័យ ៣៧ឆ្នាំរូបនេះធ្លាប់ឈ្នះជើងឯកលីគកំពូលអ៊ីតាលី Serie A ៩លើកជាមួយ Juventus ក៏ដូចជា Coppa Italia ៥លើកតាំងពីផ្លាស់ពី Fiorentina នៅឆ្នាំ២០០៥។ Juventus កំពុងឈរលេខ ៤ ក្នុងតារាងបច្ចុប្បន្ន និងទើបតែចាញ់ Inter Milan យប់មិញនៅវគ្គផ្តាច់ព្រ័ត្រ Coppa Italia។ មុននេះដែរ Giorgio Chiellini ក៏ទើបតែបានប្រកាសចូលនិវត្តន៍ពីក្រុមជំរើសជាតិអ៊ីតាលីដែរ នៅពេលប្រកួតចុងក្រោយទល់នឹងក្រុមជំរើសជាតិអាហ្សង់ទីន នៅខែមិថុនាខាងមុខលក្ខណៈមិត្តភាពនៅកីឡដ្ឋាន Wembley។ ជាប់ជំរើសជាតិអ៊ីតាលីដំបូងនៅឆ្នាំ២០០៤ Chiellini ឈរលេខ ៥ ក្នុងតារាងកីឡាករបង្ហាញខ្លួនបានច្រើនជាងគេឱ្យក្រុមជំរើសជាតិស្មើនឹង Andrea Pirlo៕
អត្ថបទ៖នាង សុភាវុធ