ក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦នេះ បានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការប្រព័ន្ធបច្ចេកវិទ្យាឌីជីថលចំនួន ៣ ដែលរួមមាន ការស្នើសុំបន្តសុពលភាពត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក) តាមធនាគារដៃគូ, ការស្នើសុំវិក្កយបត្រឌីជីថល, និងការស្នើសុំអាជ្ញាបណ្ណផ្លូវថ្នល់ តាមរយៈប្រព័ន្ធស្វ័យប្រវត្តិកម្ម» ក្នុងគោលបំណង ដើម្បីធ្វើទំនើបកម្មសេវាសាធារណៈ កែលម្អប្រសិទ្ធភាពប្រតិបត្តិការ និងបង្ខិតសេវាទៅកាន់តែកៀកប្រជាពលរដ្ឋ និងវិស័យឯកជន។

ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងក្នុងកម្មវិធីនេះថា ការដាក់ឱ្យដំណើរការនូវប្រព័ន្ធស្វ័យប្រវត្តិកម្មទាំងអស់នេះ គឺជាសមិទ្ធផលថ្មីមួយទៀត ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រសួងក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីធ្វើទំនើបកម្មសេវាសាធារណៈកែលម្អប្រសិទ្ធភាពប្រតិបត្តិការ ជាពិសេសបង្កើនភាពងាយស្រួល ក្នុងការទទួល និងបង្ខិតសេវាទៅកៀកប្រជាពលរដ្ឋ និងវិស័យឯកជន។

ឯកឧត្តមរដ្ឋមន្ត្រី ថ្លែងទៀតថា ប្រព័ន្ធស្វ័យប្រវត្តិកម្មទាំង ៣ នេះ សុទ្ធតែមានគោលបំណងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៃការផ្តល់សេវាសាធារណៈ និងការគ្រប់គ្រងការងាររបស់ក្រសួង រួមមាន ទី១-ការស្នើសុំបន្តសុពលភាពត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះតាមធនាគារ ដៃគូ គឺជាការបន្តពង្រីក និងធ្វើទំនើបកម្មសេវាត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះរបស់ក្រសួង។
ទី២-ការស្នើសុំវិក្កយបត្រឌីជីថល គឺជាផ្នែកមួយនៃការធ្វើបរិវត្តកម្មឌីជីថលរបស់ក្រសួង ដើម្បីធ្វើឱ្យការផ្តល់ និងទូទាត់សេវាសាធារណៈកាន់តែងាយស្រួល រហ័ស តម្លាភាព និងមានប្រសិទ្ធភាព។ ប្រព័ន្ធនេះអនុញ្ញាតឱ្យមន្ត្រីបង្កើតវិក្កយបត្រនីជីថលដោយស្វ័យប្រវត្តិ និងឱ្យប្រជាពលរដ្ឋអាចទូទាត់កម្រៃសេវាតាមប្រព័ន្ធធនាគារ និងសេវាទូទាត់អេឡិចត្រូនិក របស់ធនាគារដៃគូក្រសួងទាំង១៨។
និងទី៣-ការស្នើសុំអាជ្ញាបណ្ណផ្លូវថ្នល់តាមប្រព័ន្ធស្វ័យប្រវត្តិកម្ម គឺជាប្រព័ន្ធគ្រប់គ្រង ឌីជីថលសម្រាប់ការចុះបញ្ជី និងផ្តល់អាជ្ញាបណ្ណអាជីវកម្មសម្រាប់អង្គភាពរដ្ឋ និងក្រុមហ៊ុនឯកជន ដែលប្រកបអាជីវកម្មលើវិស័យសាងសង់ ថែទាំ និងផ្តល់សេវាបច្ចេកទេសពាក់ព័ន្ធ នឹងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់។ មុនសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រសួងបានដាក់អនុវត្តសាកល្បង នូវការស្នើសុំបន្តសុពលភាពត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះតាមធនាគារដៃគូ, និងការស្នើសុំវិក្កយបត្រឌីជីថលតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦។
របាយការណ៍របស់អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈនៃក្រសួងសាធារណការ និងដឹកជញ្ជូន បានញ្ជាក់ថា ការដាក់ពាក្យស្នើសុំសេវានេះ អាចធ្វើឡើងតាមកម្មវិធីទូរស័ព្ទដៃរបស់ធនាគារ និង តាមសាខាធនាគារដៃគូ។ ជាលទ្ធផល ក្នុងរយៈពេល៥ខែនៃឆ្នាំ២០២៦ មានអ្នកស្នើសុំសេវាសរុបចំនួន ២,២១៩ ប្រតិបត្តិការ។ ក្នុងនោះ ការស្នើសុំតាមកម្មវិធីទូរស័ព្ទធនាគារដៃគូ មានចំនួន ២,១៩៩ ប្រតិបត្តិការ និងដាក់ពាក្យតាមសាខាធនាគារដៃគូចំនួន ២០ប្រតិបត្តិការ។ ជាមួយគ្នានេះ ក្រសួងបានចេញវិក្កយបត្រ និងទូទាត់កម្រៃសេវាសាធារណៈសរុប ៣,២៩១ ប្រតិបត្តិការ។ ក្នុងនោះ វិស័យដឹកជញ្ជូនផ្លូវគោកមានចំនួន ២,៩០៣ ប្រតិបត្តិការ និង វិស័យដឹកជញ្ជូន ផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ មានចំនួន ៣៧០ ប្រតិបត្តិការ និងសេវាអាជ្ញាបណ្ណផ្លូវថ្នល់មានចំនួន ១៨ ប្រតិបត្តិការ៕ អត្ថបទ៖ ធូ វិរៈ











