ក្រុមនិស្សិតជំនាញផ្នែកស្ថាបត្យកម្ម និងសំណង់ស៊ីវិល នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) បានរួមគ្នាបញ្ចេញសមត្ថភាពតាមរយៈការរចនា និងសាងសង់បន្ទប់ប្រជុំមួយដែលមានរចនាបថទំនើប និងស្តង់ដារខ្ពស់ បង្ហាញពីសមត្ថភាពរបស់សិស្សបច្ចេកទេសក្នុងការបំលែងចំណេះដឹងពីថ្នាក់រៀនទៅជាស្នាដៃជាក់ស្តែង ដែលអាចត្រៀមខ្លួនសម្រាប់ទីផ្សារការងារកម្រិតខ្ពស់។

យុវជន ឯក បញ្ញា តំណាងនិស្សិតឆ្នាំទី៥ ជំនាញស្ថាបត្យកម្ម នៃវិទ្យាស្ថាន NPIC បាននិយាយប្រាប់ព័ត៌មាន ប៊ីធីវី ឱ្យដឹងថា គម្រោងបន្ទប់ប្រជុំនេះមិនមែនគ្រាន់តែជាកិច្ចការសិក្សាមួយដែលត្រូវបញ្ចប់នោះទេ ប៉ុន្តែជាឱកាសសម្រាប់លោក និងក្រុមការងារបង្ហាញគំនិតច្នៃប្រឌិត សមត្ថភាពរចនា និងការអនុវត្តអ្វីដែលបានរៀនអស់រយៈពេល៥ឆ្នាំ។ លោកបន្តថា គំនិតរចនាបន្ទប់នេះ បានចាប់ផ្តើមពីបំណងរបស់ថ្នាក់ដឹកនាំវិទ្យាស្ថាន ដែលចង់រៀបចំបន្ទប់ប្រជុំមួយប្រកបដោយភាពទំនើប។ ពីគំនិតដំបូងនេះ និស្សិតត្រូវបន្តអភិវឌ្ឍទៅជាប្លង់ និងរចនាសម្ព័ន្ធដែលអាចយកទៅសាងសង់បានពិតប្រាកដ។
យុវជនរូបនេះ បានឱ្យដឹងទៀតថា អ្វីដែលធ្វើឱ្យគម្រោងនេះមានភាពពិសេស គឺរចនាបថរបស់អគារ ដែលមានលក្ខណៈកោង និងទម្រង់រលក ដែលមិនងាយស្រួលក្នុងការរចនា និងសាងសង់ឡើយ។ បញ្ហាប្រឈមដំបូង គឺការគូរប្លង់ ព្រោះនៅពេលធ្វើការរចនាលើអគារដែលមានលក្ខណៈកោង ចំនួន និងវិមាត្រជាច្រើនមិនមែនជាលេខគត់ឡើយ ប៉ុន្តែមានលេខទសភាគ។ ប្រសិនបើប្លង់មិនបានគណនាឱ្យបានត្រឹមត្រូវ អ្នកសាងសង់អាចជួបការលំបាកនៅពេលយកប្លង់ទៅអនុវត្ត។
លោក លឿប ឡា តំណាងឱ្យនិស្សិតឆ្នាំទី៤ ផ្នែកសំណង់ស៊ីវិល ដែលទទួលការងារបន្ត ក្រោយចប់ពីការរចនាប្លង់បន្ទប់ខាងលើ បានប្រាប់ឱ្យដឹងថា បន្ទាប់ពីទទួលបានប្លង់ពីផ្នែកស្ថាបត្យកម្ម និងឆ្លងកាត់ការត្រួតពិនិត្យបន្ថែមពីសាស្ត្រាចារ្យ និស្សិតត្រូវសិក្សាពីសម្ភារៈសំណង់នីមួយៗ រួមទាំងការងារជញ្ជាំង ការងារថ្នាំពណ៌ និងការប្រើប្រាស់សម្ភារៈឱ្យសមស្របទៅតាមទីតាំងនីមួយៗ។ បទពិសោធន៍នេះ ក៏ត្រូវបានពង្រឹងតាមរយៈកម្មសិក្សានៅតាមទីតាំងសំណង់នានា។
លោកបាននិយាយថា សម្រាប់គម្រោងមួយនេះ និស្សិតមានឱកាសម្តងទៀត ដើម្បីមកសាងសង់ផ្ទាល់ ដោយការជ្រោមជ្រែងពីលោកគ្រូ អ្នកគ្រូ ដែលផ្តល់ឱកាសឱ្យពួកគាត់មកធ្វើការងារនៅទីនេះ។ សម្រាប់ក្រុមលោកទាំងមូល ពិតជាមានអារម្មណ៍រីករាយខ្លាំង ព្រោះនៅទីនេះ មិនសិក្សាត្រឹមតែលើទ្រឹស្តីមួយមុខនោះទេ គឺថែមបានការអនុវត្តច្រើនម៉ោងទៅលើការងារជាក់ស្តែង។
ក្រុមនិស្សិត បានបង្ហាញការប្តេជ្ញាចិត្តថា នឹងបន្តអភិវឌ្ឍគំនិត និងស្នាដៃថ្មីៗ ដោយមានគោលដៅមិនត្រឹមតែបញ្ចប់ការសិក្សា និងរកការងារធ្វើប៉ុណ្ណោះទេ ប៉ុន្តែចង់ក្លាយជាស្ថាបត្យករ និងអ្នកឌីហ្សាញ (Design) ដែលអាចបង្កើតស្នាដៃមានលក្ខណៈពិសេស និងមានស្តង់ដារខ្ពស់។ ក្រុមនិស្សិតក៏បានផ្តាំទៅយុវជនដែលទើបបញ្ចប់ថ្នាក់ទី១២ និងមានចំណាប់អារម្មណ៍លើវិស័យសំណង់ស៊ីវិល និងស្ថាបត្យកម្ម ឱ្យពិចារណាលើជំនាញនេះ ប្រសិនបើចូលចិត្តការរចនា និងមានក្តីស្រមៃចង់បង្កើតរូបរាងអគារ ឬផ្ទះតាមគំនិតរបស់ខ្លួន។ ជាពិសេស អំពាវនាវយុវជនឱ្យងាកមកចាប់អារម្មណ៍រៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ពីព្រោះអាចដើរតួនាទីសំខាន់ក្នុងការរៀបចំយុវជនសម្រាប់ទីផ្សារការងារដែលកំពុងមានតម្រូវការទាំងពេលបច្ចុប្បន្ន និងអនាគត៕ អត្ថបទ៖ ឈិត បូរ៉ាវី














