ក្លិបនៅក្របខណ្ឌ Premier League បានបំបែកកំណត់ត្រាចំណាយលើការផ្ទេរកីឡាករនៅរដូវក្តៅជាថ្មី ដោយទឹកប្រាក់សរុបបានកើនឡើងដល់ប្រមាណ ៣.៤៦ពាន់លានផោន។
ក្លិបនៅលីគកំពូលអង់គ្លេសបានចំណាយលើសកម្រិត ៣ពាន់លានផោនរួចទៅហើយ មុនពេលការផ្ទេរ Iliman Ndiaye ពី Everton ទៅ Manchester City ក្នុងតម្លៃ ៦៥លានផោន នៅថ្ងៃបិទទីផ្សារ ធ្វើឱ្យទឹកប្រាក់សរុបលើសកំណត់ត្រាចាស់ ៣.១៤ពាន់លានផោន ដែលកើតឡើងកាលពីរដូវក្តៅឆ្នាំមុន។

បន្ទាប់មក ការផ្ទេរ Enzo Fernandez ពី Chelsea ទៅ Manchester City ក្នុងតម្លៃ ១២៥លានផោន ដែលស្មើនឹងកំណត់ត្រាផ្ទេរខ្ពស់បំផុតរបស់ចក្រភពអង់គ្លេស ក៏ត្រូវបានប្រកាសជាផ្លូវការភ្លាមៗ បន្ទាប់ពីទីផ្សារដោះដូរបានបិទ។
សម្រាប់តែ ថ្ងៃបិទទីផ្សារដោះដូរ ក្លិប Premier League បានចំណាយប្រាក់សរុបរហូតដល់ ៤៧៥លានផោន កើនឡើងពី ៣៩១លានផោនកាលពីឆ្នាំមុន។
តួលេខនេះបង្ហាញពីការកើនឡើងយ៉ាងខ្លាំងនៃការចំណាយរបស់ក្លិបអង់គ្លេស ព្រោះកាលពី ៥ឆ្នាំមុន ក្លិប Premier League ចំណាយសរុបប្រមាណ ១.១៣ពាន់លានផោន ប៉ុណ្ណោះក្នុងទីផ្សារដោះដូររដូវក្តៅ។
ក្នុងចំណោមការផ្ទេរ ១០លើកដែលមានតម្លៃខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់ មានដល់ទៅ ៣លើកដែលបានកើតឡើងនៅរដូវក្តៅនេះ ហើយសុទ្ធតែជាការផ្ទេរចូលទៅកាន់ក្លិប Premier League។
ការផ្ទេរដ៏ធំបំផុតគឺ Enzo Fernandez ទៅ Manchester City ក្នុងតម្លៃ ១២៥លានផោន ដែលលើសការចំណាយ ១១៦លានផោនរបស់ City ដើម្បីនាំយក Elliot Anderson ពី Nottingham Forest។ ចំណែក Chelsea ក៏បានចំណាយ ១១៧លានផោន ដើម្បីទិញ Morgan Rogers ពី Aston Villa។

Liverpool បានចំណាយថ្លៃផ្ទេរដំបូង ១០៦លានផោន ដើម្បីនាំយកខ្សែប្រយុទ្ធបារាំង Bradley Barcola ពី Paris Saint-Germain ដែលតម្លៃអាចកើនដល់ ១២៣លានផោន។
ក្រៅពី Premier League មានតែការផ្ទេរ Yan Diomande ទៅ Real Madrid និង Anthony Gordon ពី Newcastle ទៅ Barcelona ប៉ុណ្ណោះ ដែលមានតម្លៃលើស ៦០លានផោនក្នុងទីផ្សាររដូវក្តៅនេះ។

Tottenham Hotspur ក៏បានចំណាយប្រាក់យ៉ាងច្រើនផងដែរ ដោយការនាំយក Sandro Tonali អាចក្លាយជាការផ្ទេរថ្លៃបំផុតក្នុងប្រវត្តិសាស្ត្រក្លិប ជាមួយតម្លៃអាចឡើងដល់ ១០០លានផោន។
Spurs ក៏បានចំណាយ ៨៥លានផោន ដើម្បីនាំយក Mateus Fernandes ពី West Ham និង ៧៥លានផោន សម្រាប់ Savinho ពី Manchester City ដែលអាចកើនដល់ ៨៥លានផោន។
ការផ្ទេរតម្លៃខ្ពស់ផ្សេងទៀត រួមមាន Manchester City នាំយក Ayyoub Bouaddi ពី Lille ក្នុងតម្លៃ ៨៥.៦លានផោន, Arsenal ចំណាយ ៧៥លានផោន លើ Bruno Guimaraes ពី Newcastle និង Manchester United ចំណាយ ៧០លានផោន ដើម្បីនាំយកខ្សែបម្រើកាមេរូន Carlos Baleba ពី Brighton។

សូម្បីតែ Ipswich Town ដែលទើបឡើងមក Premier League ក៏បានចំណាយប្រាក់ទិញកីឡាករថ្មីច្រើនជាងក្លិបយក្សអឺរ៉ុបដូចជា Barcelona, AC Milan, Juventus និង Paris Saint-Germain ដែលជាជើងឯកអឺរ៉ុបកាលពីរដូវកាលមុន។
តួលេខទាំងនេះបង្ហាញយ៉ាងច្បាស់ថា Premier League នៅតែជាលីគដែលមានអំណាចហិរញ្ញវត្ថុ និងសមត្ថភាពទាក់ទាញកីឡាករល្អៗខ្លាំងបំផុតនៅលើពិភពលោក៕ អត្ថបទ៖នាង សុភាវុធ
