ស៊ីហ្គេម៖ ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានបញ្ជាក់ថា បន្ទាប់ពីកីឡាករ-កីឡាការិនីជម្រើសជាតិ ទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន ២លើករួចរាល់ បច្ចុប្បន្នក្រសួង និងស្ថាប័នជំនាញកំពុងសិក្សាពីការប្រមូលផ្ដុំជម្រើសជាតិឡើងវិញ ដែលអាចធ្វើឡើងក្រោមលក្ខខណ្ឌហាត់បិទទ្វារ ដើម្បីសម្រួចសមត្ថភាពត្រៀមការប្រកួតអន្តរជាតិនានា ពិសេសការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាមនាចុងឆ្នាំ២០២១ នេះ។

អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ដដែលបន្ដថា បច្ចុប្បន្នក្រុមជម្រើសជាតិគ្រប់ប្រភេទកីឡាត្រូវរំសាយពីការប្រមូលផ្ដុំ ហើយទៅហ្វឹកហាត់តាមផ្ទះរៀងៗខ្លួនដោយសារបញ្ហាជំងឺកូវីដ-១៩ តែដោយកីឡាករ-កីឡាការិនីបានចាក់វ៉ាក់សាំងរួចរាល់ ស្របពេលការប្រកួតស៊ីហ្គេមនៅវៀតណាមសល់ពេលកាន់តែតិច ស្ថាប័នជំនាញកំពុងសិក្សាជាមួយសហព័ន្ធកីឡាជាតិ ដើម្បីស្វែងរកទីលានដែលមានសុវត្ថិភាព សម្រាប់ធ្វើការប្រមូលផ្ដុំហ្វឹកហាត់លក្ខណៈបិទទ្វារ ដល់ក្រុមជម្រើសជាតិរបស់ខ្លួននីមួយៗឡើងវិញ។ ឯកឧត្ដម វ៉ាត់ ចំរើន បានបញ្ជាក់ថា បច្ចុប្បន្នយើងពុំទាន់ទទួលបានគោលការណ៍ ពីក្រសួងជំនាញពាក់ព័ន្ធនៅឡើយទេ ប៉ុន្តែមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា កំពុងជំរុញការហ្វឹកហាត់លក្ខណៈប្រមូលផ្តុំឲ្យបានឆាប់ ដើម្បីត្រៀមចូលរួមប្រកួតប្រជែងមេដាយស៊ីហ្គេមនៅវៀតណាម ដែលគ្រោងប្រកួតពីថ្ងៃទី២០-វិច្ឆិកាដល់ថ្ងៃទី០៥-ធ្នូ ឆ្នាំ២០២១។
ទន្ទឹមជាមួយគ្នា ឯកឧត្ដមក៏ស្នើឲ្យមានវិធានការច្បាប់តឹងរឹង សម្រាប់ការហ្វឹកហាត់ រស់នៅ និងការដើរហើររបស់កីឡាករ-កីឡាការិនីជម្រើសជាតិនីមួយៗផងដែរ។ ដោយហេតុនេះ ឯកឧត្តម វ៉ាត់ ចំរើន បានអំពាវនាវឲ្យបណ្ដាថ្នាក់ដឹកនាំសហព័ន្ធកីឡាជាតិ គ្រូបង្វឹក ថ្នាក់ដឹកនាំមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាជួយជាកម្លាំងចិត្ត ជាគោលការណ៍ដើម្បីធ្វើយ៉ាងណាជំរុញឲ្យកីឡាករ-កីឡាការិនីទាំងអស់ហ្វឹកហាត់ដោយគ្មានភាពភ័យខ្លាច ឬគ្មានក្តីបារម្ភពីរឿងកូវីដ-១៩ ក្នុងអំឡុងពេលការហ្វឹកហាត់បង្កើនគុណភាពបច្ចេកទេស សម្រួចគោលដៅឆ្ពោះទៅប្រកួតប្រជែងមេដាយស៊ីហ្គេមចុងឆ្នាំនេះ បន្ទាប់ពីពួកគេទទួលបានវ៉ាក់សាំង ដែលជាភាពកក់ក្ដៅក្នុងចិត្តសាស្ត្រកីឡាកាលពីពេលថ្មីៗកន្លងមក៕
អត្ថបទ៖ លី ឈុនឡា