កំពត៖ រោងចក្រផលិតចំណីអាហារស្ដង់ដារមួយ ត្រូវបានបើកដំណើរការនៅថ្ងៃនេះ នៅខេត្តកំពត ដើម្បីជួយបំពេញនូវតម្រូវការប្រើប្រាស់របស់ប្រជាជនកម្ពុជា និងកាត់បន្ថយការនាំចូល។
រោងចក្រផលិតចំណីអាហាស្តង់ដារដំបូងគេនៅកម្ពុជា របស់ក្រុមហ៊ុន ស៊ីភី ដែលមានទីតាំងនៅក្នុងស្រុកជុំគីរី ខេត្តកំពត ត្រូវបានបើកដំណើរការនៅព្រឹកថ្ងៃទី១២ ខែឧសភានេះ ជាមួយនឹងការប្ដេជ្ញាថានឹងជួយផ្គត់ផ្គង់តម្រូវការចំណីអាហារនៅកម្ពុជាឲ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន ដើម្បីកាត់បន្ថយការនាំចូល។
សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានអញ្ជើញជា អធិបតីសម្ពោធបើកឱ្យដំណើរការរោងចក្រនេះ មានប្រសាសន៍ថា ប្រទេសកម្ពុជា ត្រូវការលើកកម្ពស់គុណភាពនៃការផលិតចំណីអាហារ ឲ្យមានដំណើរការល្អ ជាបន្តបន្ទាប់ ដើម្បីកាត់បន្ថយការនាំចូលពីប្រទេសជិតខាង ហើយនឹងផ្តល់នូវផលិតផលដ៏មានគុណភាពជូនប្រជាជនកម្ពុជា ព្រោះកន្លងមកការចិញ្ចឹម និងការផលិតចំណីអាហារ មិនទាន់អាចឆ្លើយតបទៅនឹងតម្រូវការនៅឡើយទេ។
សម្ដេចក្រឡាហោម បានបញ្ជាក់ថា ក្នុងមួយឆ្នាំៗ មានការនាំចូលរាប់ពាន់តោននៃចំណីអាហារពីប្រទេសជិតខាង ដូច្នេះទាមទារជំរុញការផលិតបន្ថែម ។
លោក វីតាយ៉ា គ្រាងគ្រីវីត (Wittaya Kreangkrivit) ក្រុមប្រឹក្សាភិបាលរងជាន់ខ្ពស់ នៃក្រុមហ៊ុន ស៊ី.ភី ខេមបូឌា ចំកាត់ បានឱ្យដឹងថា ក្រុមហ៊ុននេះ បានចំណាយទុន៥លានដុល្លារ ក្នុងការវិនិយោគបង្កើតរោងចក្រផលិតចំណីអាហារនេះ។
រោងចក្រនេះផ្ដល់ការងារ១០០កន្លែង និងក្នុងមួយថ្ងៃៗ ត្រូវធ្វើសត្វឃាត (ជ្រូក) ១០០០ក្បាល ស្មើនឹង៣០ភាគរយ នៃតម្រូវការប្រើប្រាស់ទូទាំងប្រទេស។ ក្រុមហ៊ុន មានគម្រោងពង្រីករោងចក្រផលិតចំណីអាហារបន្ថែមបីទៀត ដើម្បីបំពេញតម្រូវការប្រើប្រាស់របស់ប្រជាពល រដ្ឋកម្ពុជាឲ្យបានគ្រប់គ្រាន់។
ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា ដែលបានចូលរួមក្នុងពិធីនេះដែរ បានមានប្រសាសន៍ថា ក្រុមហ៊ុន ស៊ីភី គឺជាក្រុមហ៊ុនកសិ-ឧស្សាហកម្ម និងអាហារឈានមុខគេមួយនៅក្នុងប្រទេសថៃ ដែលបានសហការជាមួយរដ្ឋាភិបាលថៃរហូតមក។ នៅថ្ងៃនេះ គឺជាឱកាសដ៏ល្អសម្រាប់ក្រុមហ៊ុន ជាចំណែកមួយនៃការជួយជ្រោមជ្រែងប្រទេសកម្ពុជា ទាក់ទងនឹងការលើកកម្ពស់ស្តង់ដារឧស្សាហកម្មផលិតចំណីអាហារ និងអភិវឌ្ឍផលិតផលផ្នែកអាហារ ឱ្យមានការទទួលស្គាល់លើឆាកអន្តរជាតិ។
ក្រុមហ៊ុន ស៊ី.ភី មានអាជីវកម្មផលិតចំណីសត្វ (Feed) អាជីវកម្មចិញ្ចឹមសត្វ (Farm) និងអាជីវកម្មចំណីអាហារ (Food) ៕ អត្ថបទ៖ អន សារឹម