
ភ្នំពេញ៖ សមាជិកសហភាពសហព័ន្ធយុវជនកម្ពុជា សុទ្ធតែមានការងារស្នូលត្រូវបំពេញប្រចាំថ្ងៃរបស់ខ្លួន យ៉ាងណាម៉ិញសមាជិកទាំងអស់ គឺមានស្មារតីរួមគ្នា គឺការបំពេញការងារសង្គម។ នេះជាការលើកឡើងរបស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។
ក្នុងឱកាសជួបសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំ សមាជិក សសយក ប្រចាំសាកលវិទ្យាល័យជាតិគ្រប់គ្រង នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២នេះ ឯកឧត្តម ហ៊ុន ម៉ានី ក្នុងនាមជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងថា ចំពោះសមាជិករបស់ខ្លួន រាល់សមាជិក សសយក ទាំងអស់សុទ្ធតែមានការងារស្នូលត្រូវបំពេញប្រចាំថ្ងៃរៀងខ្លួន តែពួកយើងទាំងអស់គឺមានស្មារតីរួមគ្នាដើម្បីធ្វើការងារសង្គម។
ឯកឧត្តម ហ៊ុន ម៉ានី បញ្ជាក់ថា បច្ចុប្បន្នសមាជិកសហភាពសហព័ន្ធយុវជនកម្ពុជា មានទាំងវត្តមានរដ្ឋមន្ត្រី អភិបាលខេត្ត ក៏ដូចជាថ្នាក់ដឹកនាំ មន្រ្តី យុវជន និងសិស្សនិស្សិត ដែលមានការងារស្នូលរៀងខ្លួន។ ជាក់ស្ដែងការងារស្នូលរបស់សិស្សនិស្សិត គឺសិក្សារៀនសូត្រ រឺធ្វើការងារ តែយ៉ាងណានៅពេលដែលស្លៀកសម្លៀកបំពាក់ សសយក គឺពួកយើងមានស្មារតីរួមគ្នា ធ្វើការងារដើម្បីសង្គមជាតិ ដើម្បីភាពប្រសើរ។
ពាក់ព័ន្ធនឹងការលើកឡើងដូចនេះ សមាជិកសសយក ដែលជានិស្សិតនៅសាកលវិទ្យាល័យជាតិគ្រប់គ្រង ក៏បានបង្ហាញពី មោទនភាព របស់ខ្លួន ដែលបានក្លាយជាសមាជិក របស់ សសយក និងបានចូលរួមធ្វើការងារដើម្បីសង្គមជាតិ ទៅតាមលទ្ធភាពរបស់ខ្លួន។
ស.ស.យ.ក ជារណសិរ្សទូលំទូលាយរបស់យុវជនកម្ពុជា ដែលបន្តសកម្មភាពពីសមាគម យុវជនកម្ពុជា និងសមាគមយុវជនសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលបានបដិសន្ធិនាថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៧៨។ ស.ស.យ.ក បង្កើតឡើងក្នុងគោលបំណងដូចតទៅ៖ – ប្រមូលផ្តុំយុវជនគ្រប់ទិសទី ទាំងក្នុង និងក្រៅប្រទេសដោយមិនប្រកាន់ពូជសាសន៍ ពណ៍សម្បុរ ភេទ ភាសា ជំនឿ សាសនា ឋានៈសង្គម និងនិន្នាការនយោបាយ ជាកម្លាំងមហាសាមគ្គី ក្នុងការរួមចំណែកកសាងប្រទេសកម្ពុជាមួយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាសង្គម៕ អត្ថបទ៖ គឹមហុក

