ការប្រកួតបាល់ទាត់ជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ ឬលីគកំពូលកម្ពុជា ឆ្នាំ២០២៦/២៧ នឹងបើកការប្រកួតរដូវកាលថ្មី នាថ្ងៃទី៥ និងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ នេះ ជាមួយក្ដីរំពឹងនឹងមានការប្រកួតប្រជែងកាន់តែខ្លាំង ពីបណ្ដាក្លិបនីមួយៗ។
សម្រាប់កម្មវិធីប្រកួតសប្ដាហ៍ទី១ នៃព្រឹត្តិការណ៍បាល់ទាត់ដ៏ធំប្រចាំឆ្នាំរបស់កម្ពុជានេះ រួមមាននៅថ្ងៃទី៥ ខែកញ្ញា ក្រុមខ្លាំងភ្នំពេញក្រោន នឹងត្រូវបើកទ្វារផ្ទះទទួលក្រុមណាហ្គាវើលដ៏ និងក្រុមអង្គរថាយហ្គឺរ ត្រូវជួបក្រុមអឹមអូអាយ កំពង់ដេវ៉ា នៅកីឡដ្ឋានអាគីហ៊ីរ៉ូ កាតូ នាវេលាម៉ោង ៦ល្ងាចដំណាលគ្នា។
ចំណែកនៅថ្ងៃទី៦ ខែកញ្ញា មានការប្រកួតរហូតដល់ ៣គូ ក្នុងនោះក្រុមការពារតំណែងជើងឯក ព្រះខ័នរាជស្វាយរៀង ត្រូវជួបក្រុមម្ចាស់ផ្ទះគិរីវង់សុខសែនជ័យ នាវេលាម៉ោង ៣៖៤៥នាទីរសៀល គ្រាដែលក្រុមកងយោធពលខេមរភូមិន្ទ ត្រូវជួបក្រុមវិសាខា នៅកីឡដ្ឋានស្ដាតចាស់ និងក្រុមបឹងកេត ត្រូវជួបម្ចាស់ផ្ទះ អាយអេសអាយ ដង្កោសែនជ័យ នៅកីឡដ្ឋាន ស្មាត នាវេលាម៉ោង ៦ល្ងាចដូចគ្នា។

មុនការចាប់ផ្ដើមរដូវកាលថ្មីមកដល់ មានរឿងរ៉ាវជាច្រើន ដែលធ្វើឲ្យអ្នកគាំទ្រវិស័យកីឡាបាល់ទាត់ជាតិ មានការចាប់អារម្មណ៍ និងរំពឹងលីគឆ្នាំនេះ នឹងមានការប្រកួតប្រជែងកាន់តែខ្លាំង មិនថាបណ្ដាក្លិបធំៗជួបគ្នា ឬក្រុមកម្រិតណាឡើយ បន្ទាប់ពីមានកំណែទម្រង់លើកូតាកីឡាករបរទេស ក៏ដូចជាការនាំចូលកីឡាករមានគុណភាពមកពង្រឹងក្រុមជាដើម។
ក្រោយបញ្ចប់លីគឆ្នាំចាស់ជាង ៣ខែកន្លងមក ពិសេសកំឡុងរដូវកាល Pre-Season ក្លិបនីមួយៗ បានបង្ហាញសាច់ដុំ តាមរយៈការរុះរើស រៀបចំក្រុម ទាំងក្រុមការងារគ្រូ និងកីឡាករ មិនថាក្លិបធំ ឬតូច សុទ្ធតែបាននាំចូលកីឡាករមានគុណភាពមកពង្រឹងក្រុមរៀងៗខ្លួន ពិសេសក្លិបត្រៀមលេងពានរង្វាន់អន្ដរជាតិ ដូចជាព្រះខ័នរាជស្វាយរៀង និងភ្នំពេញក្រោនជាដើម។
ក្រៅពីការផ្លាស់ប្ដូរ និងនាំចូលកីឡាករទាំងអស់នោះ ក្លិបនីមួយៗ ក៏បានរៀបចំ និងចូលរួមការប្រកួតពានរង្វាន់លក្ខណៈមិត្តភាព Pre-Season Cup ផ្សេងៗ ទាំងក្នុង និងក្រៅប្រទេស ហើយសុទ្ធតែធ្វើបានល្អ តួយ៉ាងព្រះខ័នរាជស្វាយរៀង បានគ្រងជើងឯកពាន Pre-Season នៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្រោយយកឈ្នះក្រុមមកពីសិង្ហបុរី និងក្រុមមកពីហុងកុង ហើយភ្នំពេញក្រោន បានយកឈ្នះក្លិបរបស់ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី យកឈ្នះពាន Pre-Season នៅម៉ាឡេស៊ី តែមកភ្លាត់ចាញ់ក្រុមឡាយហ្វខេត្តព្រះសីហនុ របូត Pre-Season នៅទឹកដី អាយអេសអាយ ដង្កោសែនជ័យជាដើម។
អ្វីដែលគួរឲ្យចាប់អារម្មណ៍ គឺការប្រកួតដណ្ដើមពានរង្វាន់បើករដូវកាលថ្មី Krud Cambodian Super Cup 2026 រវាងព្រះខ័នរាជស្វាយរៀង និង វិសាខា កាលពីថ្មីៗ ដែលបានបញ្ចប់ដោយភាពតានតឹង ជក់ចិត្ត និងទាក់ទាញជាខ្លាំងពីអ្នកគាំទ្រ។
ម្យ៉ាងវិញទៀត ក្រុមការងារគ្រូ ទាំងចាស់ និងថ្មីៗ នៃបណ្ដាក្លិបនីមួយៗ សុទ្ធតែបានរៀបចំនូវយុទ្ធសាស្ដ្រគយរឲ្យចាប់អារម្មណ៍រៀងៗខ្លួន ។ ហើយក្រៅពីការនាំចូលកីឡាករបរទេសល្អៗពីក្រៅស្រុក កីឡាករវ័យក្មេងរបស់កម្ពុជាមួយចំនួន ក៏បានអភិវឌ្ឍន៍រីកចម្រើនគួរឲ្យកត់សម្គាល់ បន្ថែមលើការកែលម្អកីឡដ្ឋានកាន់តែទំនើប និងងាយស្រួលសម្រាប់អ្នកគាំទ្រចូលទស្សនា ។ ទាំងអស់នេះ គឺជារឿងរ៉ាវខ្លះៗ ដែលធ្វើឲ្យលីគរដូវកាលថ្មី កាន់តែមានការប្រកួតប្រជែង និងទាក់ទាញ ស្របពេលការអភិវឌ្ឍកម្រិតអាជ្ញាកណ្តាល និងបច្ចេកវិទ្យា ក៏ត្រូវបានពង្រឹង និងកែលម្អគុណភាពបន្ថែម ដើម្បីជំរុញដល់ការប្រកួតឲ្យកាន់តែសុក្រឹត្យ និងយុត្ដិធម៌ផងដែរ។
សូមរំឮកថា លីគកំពូលកម្ពុជា រដូវកាលថ្មី នេះ រក្សាបេក្ខភាព ១១ក្លិបចូលរួមដដែល ដោយនឹងបែងចែកការប្រកួតជា ២ដំណាក់កាល ក្នុងនោះដំណាក់កាលទី១ ក្លិបនីមួយៗ ត្រូវធ្វើការប្រកួតសន្សំពិន្ទុ ២ជុំ មុនកំណត់បានបេក្ខភាព ៦ក្រុមខាងលើ និង ៥ក្រុមខាងក្រោម សម្រាប់បន្ដការប្រកួតនៅដំណាក់កាលទី២ ចំនួន ២ជុំទៀត ដើម្បីកំណត់ក្រុមទទួលបានជ័យលាភី ពិសេសក្រុមជើងឯក ឆ្នាំ២០២៦/២៧ តែម្ដង៕ អត្ថបទ លី ឈុនឡា

