ភ្នំពេញ: នៅព្រឹកថ្ងៃសុក្រ ទី៤ ខែកញ្ញា ឆ្នាំ ២០២៦ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ បានអញ្ជើញចូលជួបពិភាក្សាការងារជាមួយលោក Kim Yong-ha សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ Konyang University នៅតំបន់នួនសាន់ ខេត្តឈុងឆង់ណាមដូ សាធារណរដ្ឋកូរ៉េ ។
ក្នុងឱកាសនៃជំនួប លោកសាកលវិទ្យាធិការ បានជម្រាបជូនឯកឧត្តមឯកអគ្គរាជទូត ថាសាកលវិទ្យាល័យ Konyang ជាសាកលវិទ្យាល័យឯកជន មានឯកទេសលើជំនាញវេជ្ជសាស្ត្រ និងឧស្សាហកម្មយោធា។
លោកសាកលវិទ្យាធិការក៏បានលើកឡើងអំពីគម្រោងសហប្រតិបត្តិការកន្លងមក រវាងសាកលវិទ្យាល័យ និងក្រសួងសុខាភិបាលកម្ពុជា ព្រមទាំងគម្រោងបណ្តុះបណ្តាលជំនាញផ្នែកសុខភាពភ្នែកសម្រាប់គ្រូពេទ្យនៃមន្ទីរពេទ្យអង្គឌួង និងកម្មវិធីផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាមកសិក្សាបន្ថែមលើជំនាញវេជ្ជសាស្ត្រនៅសាកលវិទ្យាល័យផងដែរ។
ក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរាជទូត បានថ្លែងអំណរគុណចំពោះសាកលវិទ្យាល័យសម្រាប់សមិទ្ធិផលគម្រោង ដែលបានអនុវត្តកន្លងមក នៅក្នុងប្រទេសកម្ពុជា។
បន្ថែមពីនេះ ឯកឧត្តមបានលើកឡើងនូវគំនិតផ្តួចផ្តើមចំនួន ៣ រួមមាន៖ ១) ស្នើសាកលវិទ្យាល័យពិនិត្យលទ្ធភាពផ្តល់កូតាអាហារូបករណ៍បន្ថែមដល់និស្សិតកម្ពុជា ២) បង្កើតកម្មវិធីបណ្តុះបណ្តាលផ្នែកគិលានុបដ្ឋាក និង ៣) បង្កើតចំណងសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យការពារជាតិកម្ពុជា៕ អត្ថបទបានសុខរិទ្ធិ





