យន្តការប្រវត្តិសាស្ត្រថ្មីមួយក្នុងប្រព័ន្ធអភិបាលកិច្ចកម្ពុជា ក្រោមឈ្មោះថា «បណ្តាញអគ្គលេខាធិការ» ត្រូវបានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ ដោយអមមកជាមួយនូវផែនការសកម្មភាពជាយុទ្ធសាស្ត្រសម្រាប់ឆ្នាំ២០២៦។ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ បានគូសបញ្ជាក់ថា បណ្តាញនេះមិនត្រឹមតែជួយសម្របសម្រួល និងដោះស្រាយបញ្ហាប្រឈមអន្តរស្ថាប័នប៉ុណ្ណោះទេ តែជាក្បាលម៉ាស៊ីនជំរុញអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» ដោយឈរលើស្មារតី «គាំទ្រគ្នា បំពេញឱ្យគ្នា និងប្រទាក់ក្រឡាគ្នា» ដើម្បីធ្វើទំនើបកម្មរដ្ឋបាលសាធារណៈឱ្យកាន់តែខ្លាំង វៃឆ្លាត និងស្អាតស្អំ។
ទន្ទឹមនឹងការរំលេចពីវឌ្ឍនភាពការងារ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានដាក់ចេញនូវផែនការសកម្មភាពអាទិភាពចំនួន ១០ ចំណុច របស់បណ្តាញអគ្គលេខាធិការ រួមមាន៖
(១)រៀបចំថ្នាលឌីជីថល “ថ្នាលបាយ័ន” និងនិយាមប្រតិបត្តិសម្រាប់ការគ្រប់គ្រង និងការបញ្ជូន-ទទួលឯកសាររបស់ក្រសួង ស្ថាប័ន
(២)ជំរុញដល់ការរៀបចំរចនាសម្ព័ន្ធក្រសួង ស្ថាប័ន និងការតែងតាំងមន្ត្រីទៅក្នុងរចនាសម្ព័ន្ធថ្មីស្របតាមយន្តការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន
(៣)ជំរុញការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្ដែងនៅតាមរចនាសម្ព័ន្ធក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ
(៤)ជំរុញដល់ការកំណត់ និងការពិពណ៌នាមុខតំណែងវិជ្ជាជីវៈក្នុងអគ្គលេខាធិការដ្ឋាន និងអង្គភាពជំនាញនានាចំណុះក្រសួង ស្ថាប័ន
(៥)ជំរុញការកំណត់របៀបរបបបំពេញការងារ និងការបែងចែកតួនាទីភារកិច្ចដល់ថ្នាក់ដឹកនាំអង្គភាព កម្រិតអគ្គលេខាធិការរង/អគ្គនាយករង អនុប្រធាននាយកដ្ឋាន និងអនុប្រធានការិយាល័យ
(៦)ជំរុញការអនុវត្តគម្រោងលើកទឹកចិត្តគាំទ្រសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈ
(៧)ជំរុញការគ្រប់គ្រងវត្តមានបំពេញការងាររបស់មន្ត្រីរាជការរបស់ក្រសួង ស្ថាប័ន
(៨)រៀបចំផែនការធនធានមនុស្សរបស់ក្រសួង ស្ថាប័ន
(៩)រៀបចំកម្មវិធីអភិវឌ្ឍសមត្ថភាពរបស់អគ្គលេខាធិការក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ និង
(១០)រៀបចំវិបស្សនាប្រចាំឆ្នាំនៃបណ្តាញអគ្គលេខាធិការក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ។
តាមរយៈការដាក់ចេញនូវផែនការសកម្មភាពដ៏មុតស្រួចទាំងនេះ បណ្តាញអគ្គលេខាធិការនឹងក្លាយជាសសរស្ដម្ភដ៏សំខាន់ក្នុងការតភ្ជាប់ទំនាក់ទំនងរវាងក្រសួង-ស្ថាប័នទាំងអស់ឱ្យដំណើរការដោយរលូន តម្លាភាព និងមានប្រសិទ្ធភាពខ្ពស់។ ការបោះជំហាននេះ គឺជាការឆ្លើយតបយ៉ាងសកម្មទៅនឹងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាងរដ្ឋបាលសាធារណៈដែលប្រកបដោយសមត្ថភាព នវានុវត្តន៍ និងការទទួលខុសត្រូវខ្ពស់ ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូលឱ្យកាន់តែប្រសើរឡើង។









