កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងទេសចរណ៍បានជួបពិភាក្សាការងារ និងរៀបចំពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងស្ថាប័នទាំងពីរ ក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងលោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនៃស្ថាប័នទាំងពីរផងដែរ។
គោលបំណងនៃអនុស្សរណៈនៃការយោគយល់គ្នានេះគឺ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការលើកកម្ពស់ការយល់ដឹង និងការអនុវត្តច្បាប់ក្នុងវិស័យទេសចរណ៍។
ផ្អែកតាមអនុស្សរណៈនៃការយោគយល់គ្នានេះ ស្ថាប័នទាំងពីរនឹង៖
១.តែងតាំងមេធាវីប្រចាំក្រសួងទេសចរណ៍
២.បន្ដចូលរួមប្រឹក្សា និងពិគ្រោះយោបល់ផ្នែកច្បាប់
៣.ជួយសម្របសម្រួល និងដោះស្រាយវិវាទពាក់ព័ន្ធនឹងវិស័យទេសចរណ៍
៤.ផ្ដល់ការបណ្ដុះបណ្ដាលជូនមន្ដ្រីនៃក្រសួងទេសចរណ៍ ក៏ដូចជាចូលរួមផ្សព្វផ្សាយសក្ដានុពលវិស័យទេសចរណ៍នៅកម្ពុជាឱ្យកាន់តែទូលំទូលាយ
គួរបញ្ជាក់ផងដែរថា គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងទេសចរណ៍ធ្លាប់បានចុះអនុស្សរណៈនៃការយោគយល់គ្នាលើកទី១ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ហើយពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានាពេលនេះ គឺជាលើកទី២ ដែលបង្ហាញពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ៕











