ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក FIFA បានចោទប្រកាន់សមាគមបាល់ទាត់អឺរ៉ុប UEFA ថា កំពុងធ្វើយុទ្ធនាការបង្ខូចកេរ្តិ៍ឈ្មោះ ប្រឆាំងនឹងស្ថាប័ន និងប្រធាន Gianni Infantino ក្នុងជម្លោះជុំវិញផែនការដែលត្រូវបានលុបចោលពាក់ព័ន្ធនឹងការលក់ភាគហ៊ុនក្នុងសិទ្ធិពាណិជ្ជកម្មរបស់ FIFA។

FIFA បានលើកឡើងថា សកម្មភាពរបស់ UEFA កំពុងបង្កើនសម្ពាធលើស្ថាប័នបាល់ទាត់ពិភពលោក និងថា ឯកសារផ្លូវច្បាប់មួយចំនួនរបស់ UEFA មានលក្ខណៈស្រដៀងនឹងការផ្សព្វផ្សាយព័ត៌មានប្រឆាំង FIFA និងថ្នាក់ដឹកនាំរបស់ខ្លួន។
កាលពីសប្តាហ៍មុន UEFA បានដាក់ពាក្យស្នើសុំជាបន្ទាន់ទៅកាន់តុលាការសហព័ន្ធសហរដ្ឋអាមេរិក ក្នុងតំបន់ Southern District of New York ដើម្បីស្នើសុំសិទ្ធិប្រមូលសក្ខីកម្ម និងឯកសារពីអង្គភាពដែលមានមូលដ្ឋាននៅអាមេរិក សម្រាប់ប្រើប្រាស់ក្នុងនីតិវិធីព្រហ្មទណ្ឌដែលអាចកើតមាននៅប្រទេសស្វីស។

UEFA ក៏បាននិយាយថា ខ្លួនកំពុងពិចារណាចាត់វិធានការផ្លូវព្រហ្មទណ្ឌប្រឆាំងនឹង Infantino និងមន្ត្រី FIFA មួយចំនួនទៀត ពាក់ព័ន្ធនឹងគម្រោង FIFA Forward Enterprise (FFE) ផងដែរ។
UEFA បានចោទថា គម្រោងនេះត្រូវបានរៀបចំឡើងដោយគ្មានការពិគ្រោះយោបល់គ្រប់គ្រាន់ជាមួយស្ថាប័នគ្រប់គ្រងរបស់ FIFA និងសមាគមសមាជិកទាំង ២១១ប្រទេស។ គម្រោង FFE ត្រូវបាន FIFA ដកចេញជាផ្លូវការកាលពីថ្ងៃទី៣១ ខែកក្កដា បន្ទាប់ពីជួបការប្រឆាំងពី UEFA និងស្ថាប័នបាល់ទាត់តំបន់ផ្សេងៗ។
FIFA បានលើកឡើងក្នុងឯកសារតុលាការថា UEFA គួរតែចូលរួមក្នុងដំណើរការប្រជាធិបតេយ្យជំនួសឱ្យការប្រើប្រាស់សេចក្តីប្រកាសព័ត៌មាន ដែល FIFA ចាត់ទុកថាជាការចាប់ផ្តើមនៃយុទ្ធនាការបង្ខូចកេរ្តិ៍ឈ្មោះប្រឆាំងនឹង FIFA និងថ្នាក់ដឹកនាំរបស់ខ្លួន។
FIFA ក៏បានអះអាងថា ការប្រឆាំងរបស់ UEFA អាចមានជាប់ពាក់ព័ន្ធនឹងបំណងរក្សាឥទ្ធិពល និងភាពលេចធ្លោរបស់បាល់ទាត់អឺរ៉ុបនៅលើឆាកពិភពលោក។
ជាមួយគ្នានេះ Gianni Infantino ដែលត្រៀមឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសរើសប្រធាន FIFA អាណត្តិទី៤ នៅខែមីនា ឆ្នាំ២០២៧ កំពុងរងសម្ពាធកាន់តែខ្លាំង បន្ទាប់ពីផែនការ FFE ត្រូវបានលុបចោល ហើយប្រទេសមួយចំនួនបានដកការគាំទ្រចំពោះបេក្ខភាពរបស់លោក។
Infantino ក៏កំពុងប្រឈមសម្ពាធពីសហព័ន្ធបាល់ទាត់តំបន់ចំនួន៣ រួមមាន UEFA, Asian Football Confederation (AFC) និង CONCACAF ដែលគ្រប់គ្រងបាល់ទាត់នៅអាមេរិកខាងជើង អាមេរិកកណ្តាល និងតំបន់ការ៉ាប៊ីន។ ស្ថាប័នទាំងនេះបានពិភាក្សាអំពីលទ្ធភាពធ្វើការបោះឆ្នោតមិនទុកចិត្តលើ Infantino។
ទោះជាយ៉ាងណា Infantino នៅតែទទួលបានការគាំទ្រពីសហព័ន្ធបាល់ទាត់ទ្វីបអាហ្វ្រិក និងអាមេរិកខាងត្បូង។ លោកក៏ត្រូវបានរាយការណ៍ថា កំពុងព្យាយាមកាត់បន្ថយឥទ្ធិពលរបស់សហព័ន្ធតំបន់ និងស្វែងរកការគាំទ្រដោយផ្ទាល់ពីសមាជិកនីមួយៗរបស់ FIFA៕ អត្ថបទ៖នាង សុភាវុធ
