មន្ត្រីជាន់ខ្ពស់ នៃលេខាធិការដ្ឋាន នៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានបញ្ជាក់ថា ការធ្វើជាម្ចាស់ផ្ទះសន្និសីទអន្តរជាតិ ស្ដីពី ការប្រយុទ្ធប្រឆាំង Online Scams នៅចុងខែនេះ នឹងបង្ហាញឆន្ទៈរបស់កម្ពុជាទៅកាន់ពិភពលោក។

សន្និសីទអន្តរជាតិ ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ នៅថ្ងៃទី២៣-២៤ ខែកញ្ញា ឆ្នាំ២០២៦ នឹងជាការបង្ហាញពីឆន្ទៈរបស់កម្ពុជាចំពោះបណ្តាប្រទេសនៅលើពិភពលោកឲ្យដឹងពីការចូលរួមរបស់កម្ពុជានៅក្នុងកិច្ចខិតខំប្រយុទ្ធប្រឆាំងការឆបោកតាមតាមប្រព័ន្ធបច្ចេកវិទ្យាដែលជាបញ្ហាសកលលោក។

ឯកឧត្តម ទេព អស្នារិទ្ធ អនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានប្រាប់ BTVថា កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងក្របខ័ណ្ឌយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងបន្តបង្ក្រាបដោយមិនដកដៃ មិនរាថយ និងមិនលើកលែង គឺធ្វើយ៉ាងណាឲ្យបទល្មើស ឬក៏ឧក្រិដ្ឋកម្មឆ្លងដែននេះអស់ពីប្រទេសកម្ពុជា។ តាមរយៈការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ICCOS-2026) គឺកម្ពុជាបង្ហាញពីឆន្ទៈរបស់ខ្លួនបន្ថែមទៀតចំពោះបណ្តាប្រទេសនៅលើពិភពលោកឲ្យដឹងពីការចូលរួមរបស់កម្ពុជានៅក្នុងកិច្ចខិតខំប្រយុទ្ធប្រឆាំងការឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា។
គួរបញ្ជាក់ថា សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមានការចូលរួមពីសំណាក់រដ្ឋាភិបាល អង្គការអន្តរជាតិ ស្ថាប័នអនុវត្តច្បាប់ គ្រឹះស្ថានហិរញ្ញវត្ថុ ក្រុមហ៊ុនបច្ចេកវិទ្យា គ្រឹះស្ថានសិក្សាស្រាវជ្រាវ និងភាគីពាក់ព័ន្ធផ្សេងៗទៀត ដើម្បីចែករំលែកបទពិសោធន៍ និងឧត្តមានុវត្តន៍ ព្រមទាំងពង្រឹងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ក្នុងការឆ្លើយតបទៅនឹងការរីករាលដាលនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលកំពុងគំរាមកំហែងជាសកល។ ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាជាបញ្ហាប្រឈមឆ្លងដែនដ៏ស្មុគស្មាញ ដែលពុំមានប្រទេសណាមួយអាចដោះស្រាយបានតែម្នាក់ឯងនោះឡើយ។ តាមរយៈការធ្វើការរួមគ្នា ការចែករំលែកនូវចំណេះដឹង និងពង្រឹងភាពជាដៃគូ យើងពិតជាអាចកាត់ផ្ដាច់ច្រវាក់នៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា លុបបំបាត់នូវបណ្ដាញឧក្រិដ្ឋជន ការពារប្រជាពលរដ្ឋ ក៏ដូចជាកសាងនូវបរិស្ថានឌីជីថលមួយដែលកាន់តែមានសុវត្ថិភាព និងសន្តិសុខសម្រាប់ទាំងអស់គ្នា៕ អត្ថបទ៖ វង្ស សុភាព
