
កំពង់ចាម៖ សម្តេចតេជោនាយករដ្ឋមន្ត្រី ធ្លាប់បានរម្លឹកជារឿយៗថា បើផ្លូវដាច់ គេអាចតភ្ជាប់វិញបាន ប៉ុន្តែប្រសិន បើជីវិតបាត់បង់ នោះគឺមិនអាចវិលត្រឡប់មកវិញទ្បើយ។
នេះបើតាមឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ ផ្លូវបេតុង ផ្លូវក្រាលកៅ ស៊ូ និងផ្លូវក្រាលកៅស៊ូ DBST ចំនួន ៤២ខ្សែ នៅក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២។
ឯកឧត្ដមបន្តថា ដូច្នេះហើយបានជាសម្តេចតែងបានខិតខំគិតគូរធ្វើយ៉ាងណារក្សាការពារអាយុជីវិតរប ស់ប្រជាពលរដ្ឋជាកត្តាអាទិភាពចម្បងបំផុត ដែលសច្ចភាពនេះក៏ត្រូវបានឆ្លុះបញ្ចាំងជាក់ស្តែងតាមរយៈស្ថានការណ៍ប្រវត្តិសាស្រ្តជាច្រើន ហើយដែលចុងក្រោយនេះ គឺក្នុងយុទ្ធនាការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដោយសម្តេចតេជោបានពិចារណាគិតគូរគ្រប់ជ្រុងជ្រោយ និងបានសម្រេចអារកាត់ប្រកបដោយការទទួលខុសត្រូវ និងលឿនរហ័ស ដើម្បីការពារអាយុជីវិតរបស់ប្រជាពលរដ្ឋឱ្យរួចផុតពីហានិភ័យនៃមហាគ្រោះថ្នាក់បង្កដោយជំងឺកូវីដ-១៩ ដែលមកទល់ពេលនេះបានឆក់យកជីវិតមនុស្សប្រមាណជាង ៦ លាននាក់មកហើយនៅលើពិភពលោក។ លើលពីនេះ សម្តេចតេជោក៏តែងបានកំណត់យកទិសដៅអាទិភាពចំនួន ៤រួមមាន៖ មនុស្ស ផ្លូវ ទឹក និងភ្លើង ដើម្បីជំរុញការលើកម្ពស់កម្រិតជីវភាព សុខភាព សុខុមាលភាព និងចំណេះដឹងរបស់ប្រជាពលរដ្ឋ ឱ្យកាន់តែមានភាពប្រសើរទ្បើងថែមទៀត។
ឯកឧត្ដមបន្ថែមថា ខេត្តកំពង់ចាម ក៏ដូចជាខេត្តនានានៅទូទាំងប្រទេស ធ្លាប់បានទទួលរងនូវផលប៉ះពាល់យ៉ាងដំណំដោយសារសង្គ្រាម ជាពិសេសក្នុងអំទ្បុងទសវត្សរ៍ឆ្នាំ៧០ ដែលបានបង្កនូវវិនាសកម្ម និងការបំផ្លិចបំផ្លាញធំធេងលើគ្រប់វិស័យ រួមទាំងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនានាផងដែរ ហើយប្រជាពលរដ្ឋដែលធ្លាប់បានឆ្លងកាត់កាលៈទេសៈទាំងនោះ និងដែលបានបន្តនៅរស់រានមានជីវិតមកទល់បច្ចុ ប្បន្ន ពិតជាបានយល់ច្បាស់ណាស់នូវការឈឺចាប់ និងការភ័យខ្លាចទាំងនោះ ជាពិសេសអំពីតម្លៃនៃសន្តិភាព ដែលកម្ពុជាកំពុងមានដូចពេលបច្ចុប្បន្ន ដោយបាននាំមកនូវការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរួមជាមួយនឹងកិត្តិយស និងកិត្យានុភាពស្មើមុខស្មើមាត់នៅលើឆាកអន្តរជាតិទាំងក្នុងតំបន់ និងសាកលលោក។
ក្នុងពិធីនេះដែរ ឯកឧត្ដមក៏បានចូលរួមសាទរចំពោះសមិទ្ធផលផ្លូវចំនួន ៤២ខែ្ស ប្រវែងជិត ៣២គីទ្បូម៉ែត្រ ស្ថិតក្នុង ០៤សង្កាត់នៃក្រុងកំពង់ចាម ដែលត្រូវបានដាក់សម្ពោធជាផ្លូវការសម្រាប់បម្រើផលប្រ យោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅមក ដើម្បីប្រកបរបររកទទួលទាន និងការសិក្សារៀនសូត្រ ក៏ដូចជាតម្រូវការចាំបាច់នានា សំដៅធានាបាននូវក្តីសង្ឃឹមលើអនាគតដ៏រុងរឿង៕ ដោយ៖ គង់ ឌិន







