ប្រព័ន្ធធារាសាស្ត្រអាចាំង និងលំហាច មានទីតាំងស្ថិតនៅក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង គឺជាប្រព័ន្ធប្រឡាយ ដែលអាចនាំទឹកទៅស្រោចស្រពលើដីកសិកម្មប្រជាកសិករបានប្រមាណជាង ១ម៉ឺន៧ពាន់ហិកតា ដោយប្រព័ន្ធធារាសាស្ត្រអាចាំង ស្រោចស្រពបានជាង១ម៉ឺន៤ពាន់ហិកតា និងលំហាចស្រោចស្រពបានជាង ៣ពាន់ហិកតា។ នេះបើតាមការបញ្ជាក់ពីលោក ចេង ចាន់ដូណា អភិបាលស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំងអោយដឹង នាព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៦។

លោក ចេង ចាន់ដូណា បានអោយដឹងថា៖ ប្រព័ន្ធធារាសាស្ត្រអាចាំង និងលំហាចនេះ គឺជាសំណង់ប្រព័ន្ធធារាសាស្ត្រថ្មី ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយរបស់ខេត្តកំពង់ឆ្នាំង មិនត្រឹមតែសម្រាប់បំរើលើការងារស្រោចស្រពប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃរបស់បងប្អូនប្រជាកសិករ និងលើវិស័យទេសចរណ៍ថែមទៀត។ ប្រជាកសិករដែលទទួលផលប្រយោជន៍ពីប្រព័ន្ធធារាសាស្ត្រទាំង២ខាងលើ ក៏អាចដាំស្រូវបាន ចាប់ពី២ទៅ៣ដងក្នុង១ឆ្នាំ រួមនិងដាំដំណាំផ្សេងៗ ហើយជីវភាពបានល្អប្រសើរជាងពេលមុន។

លោកបន្តថា សមិទ្ធិផលទាំងអស់នេះ បានបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយចាប់ផ្តើមពីការស្តារមកកសាង និងអភិវឌ្ឍន៍ ហើយឈានទៅធ្វើការពង្រីកពង្រឹងសមត្ថភាពគ្រប់គ្រងទឹក ដើម្បីធានាដល់ការផ្គត់ផ្គង់ទឹកគ្រប់គ្រាន់សម្រាប់ការបង្ករបង្កើនផលស្រូវ និងដំណាំគ្រប់ប្រភេទរបស់ប្រជាពលរដ្ឋ ក៏ដូចជាការប្រើប្រាស់ប្រចាំថ្ងៃ ដែលជាផ្នែកមួយជួយលើកស្ទួយដល់គោលនយោបាយជាតិ ស្តីពីសន្តិសុខស្បៀងប្រកបដោយប្រសិទ្ធិភាព និងយុទ្ធសាស្ត្រនាំស្រូវអង្ករចេញរបស់រាជរដ្ឋាភិបាល ក្នុងដំណាក់កាលនៃការប្រែប្រួលអាកាសធាតុ។
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ក៏បានថ្លែងអំណរគុណដល់ប្រទេសចិន និងជប៉ុន ដែលជានិច្ចជាកាលតែងជួយដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាង និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធស្ទើរគ្រប់វិស័យ និងបានកោតសរសើរវាយតម្លៃខ្ពស់ចំពោះកិច្ចខំប្រឹងប្រែងរបស់ក្រុមការងារអនុវត្តគម្រោងកែលំអ និងស្តារឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹកភាគខាងលិចបឹងទន្លេសាប ជាមួយលទ្ធផលការងារដែលសម្រេចបានទៅតាមផែនការដែលបានគ្រោងទុក។ លើសពីនេះឯកឧត្តអភិបាលខេត្ត ក៏បានអំពាវនាវអោយប្រជាកសិករនៅក្នុងស្រុកទាំង៣នៃខេត្តកំពង់ឆ្នាំង ដែលកំពុងទទួលបានសារៈប្រយោជន៍ពីគម្រោងទាំង២នេះ ត្រូវជួយថែរក្សា និងចែករំលែកទឹកប្រើប្រាស់អោយមានតម្លាភាព ការទទួលខុសត្រូវខ្ពស់ និងអោយមានសុខដុមរម្យនានៅក្នុងសហគមន៍ទាំងអស់៕ អត្ថបទ៖ កាំង ហុងវាស្នា




