នៅក្នុងយុគសម័យដែលពិភពលោកកំពុងងាកទៅរកការប្រើប្រាស់ថាមពលស្អាត ក្រុមនិស្សិតជំនាញមេកានិការថយន្ត នៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) បានសហការគ្នាដំឡើងរថយន្តអគ្គិសនីខ្នាតតូច ឬ EV Mini Bus មួយគ្រឿងបានដោយជោគជ័យ ដែលនេះបង្ហាញពីការវិវឌ្ឍនៃសមត្ថភាពបច្ចេកវិទ្យារបស់យុវជនខ្មែរ ឆ្ពោះទៅរកការគាំទ្រអនាគតបៃតង។

សមិទ្ធផលថ្មីដែលសម្រេចបាននេះ គឺកើតចេញពីការរួមផ្សំគ្នានៃចំណង់ចំណូលចិត្ត បូករួមនឹងកិច្ចសហការយ៉ាងល្អរបស់ក្រុមនិស្សិតដែលមានគ្នា ៤នាក់ ដើម្បីដំឡើងរថយន្ត EV Mini Bus ក្នុងរយៈពេលប្រមាណជាង ១ខែកន្លងមកនេះ។

យុវជន ថន ថាវឌ្ឍន៍ និស្សិត ឆ្នាំទី៤ ជំនាញមេកានិករថយន្ត តំណាងក្រុមនៃការដំឡើងរថយន្តអគ្គិសនីខ្នាតតូចនេះ បាននិយាយប្រាប់ព័ត៌មាន ប៊ីធីវី ដឹងនៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦នេះថា ពិតជាមានអារម្មណ៍រំភើប និងសប្បាយចិត្តជាខ្លាំង ពីព្រោះក្រៅពីបានឆ្លងកាត់ការសិក្សាទាំងទ្រឹស្តី និងការអនុវត្តផ្ទាល់ គឺអាចបំប្លែងចំណេះដឹងពីក្នុងថ្នាក់រៀនទៅជាសមិទ្ធផលពិតប្រាកដនេះឡើង។ យុវជនរូបនេះ បានរៀបរាប់ថា គម្រោងធំដំបូងនេះអាចទៅមុខរួច ក៏ព្រោះតែមានលោកគ្រូបណ្ដុះបណ្ដាលដែលនៅចាំឈរពីក្រោយយ៉ាងកក់ក្ដៅ។ លោកគ្រូមិនត្រឹមតែផ្ដល់ចំណេះដឹងបច្ចេកទេសទេ ប៉ុន្តែការយកចិត្តទុកដាក់ និងការជំរុញទឹកចិត្តគ្រប់ពេលជួបឧបសគ្គ គឺជាគន្លឹះពិតប្រាកដដែលធ្វើឱ្យសិស្សមិនបោះបង់។ យុវជននេះ បានបន្តថា ជោគជ័យលើ EV Mini Bus គ្រាន់តែជាជំហានចាប់ផ្ដើមប៉ុណ្ណោះ គោលដៅធំបន្ទាប់ គឺការអភិវឌ្ឍខ្លួនជាកម្លាំងពលកម្មជំនាញកម្រិតខ្ពស់ ដើម្បីឆ្លើយតបទីផ្សារបច្ចេកវិទ្យា។ ជាពិសេស គឺការបង្កើតម៉ាស៊ីន ឬបច្ចេកវិទ្យាទំនើប ដើម្បីសម្រាលកម្លាំងពលកម្មរបស់កសិករ ក្នុងវិស័យកសិកម្ម។

ទាក់ទងគម្រោងនៃការដំឡើងរថយន្តអគ្គិសនីខ្នាតតូច ឬ EV Mini Bus នេះ លោក មឿន តុលា គ្រូបច្ចេកទេសមេកានិករថយន្ត នៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) បានលើកឡើងឱ្យដឹងថា គោលបំណងធំនៃគម្រោងនេះ គឺ បង្កើតមធ្យោបាយដឹកជញ្ជូនភ្ញៀវក្នុងវិទ្យាស្ថានដែលសន្សំសំចៃ និងកាត់បន្ថយការបំពុលបរិស្ថាន។ អ្វីដែលសំខាន់បំផុត គឺវិទ្យាស្ថានចង់បង្ហាញថា យុវជនខ្មែរមានសមត្ថភាពអាចផលិត និងដំឡើងរថយន្តអគ្គិសនីប្រើប្រាស់បានដោយខ្លួនឯង ដោយមិនចាំបាច់នាំចូលពីបរទេស ក្នុងតម្លៃទាបជាងមុន ប៉ុន្តែរក្សាបាននូវគុណភាពល្អ។

លោកគ្រូបច្ចេកទេស បានឱ្យដឹងទៀតថា ជំហានបន្ទាប់ វិទ្យាស្ថានកំពុងតែស្ថិតក្នុងដំណាក់កាលសិក្សាស្រាវជ្រាវលើគម្រោងថ្មីៗបន្ថែមទៀត រួមមានការបង្កើតម៉ាស៊ីកាត់ស្មៅដោយបញ្ជាពីចម្ងាយ និងការបម្លែងម៉ូតូប្រើសាំងឱ្យទៅជាម៉ូតូអគ្គិសនី ដើម្បីបន្តជំរុញការប្រើប្រាស់ថាមពលបៃតង និងការច្នៃប្រឌិតរបស់និស្សិត។
សមិទ្ធផលរថយន្ត EV Mini Bus ដែលដំឡើងដោយស្នាដៃនិស្សិតមេកានិកយានយន្តទាំង ៤នាក់នេះ គឺជាជំហានដំបូងដ៏មានសារៈសំខាន់ក្នុងការបង្ហាញថា ផលិតផលបច្ចេកវិទ្យាអគ្គិសនីដែលមានគុណភាពល្អ អាចបង្កើតឡើងបានដោយកូនខ្មែរ។ លើសពីនេះ ការវិវឌ្ឍនៃសមត្ថភាពបច្ចេកទេសរបស់យុវជនខ្មែរនៅពេលនេះ គឺដើរស្របគ្នាទាំងស្រុងទៅនឹងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទាក់ទាញអ្នកវិនិយោគក្នុងវិស័យឧស្សាហកម្ម ជាពិសេសគឺការទាក់ទាញរោងចក្រផលិត និងដំឡើងយានយន្តអគ្គិសនី (EV) ឱ្យមកវិនិយោគនៅក្នុងស្រុក៕ អត្ថបទ៖ ឈិត បូរ៉ាវី







