បាល់ទាត់៖ ទោះបីជាជំងឺរាតត្បាតសកលកូវីដ-១៩ នៅតែបន្តចោទជាបញ្ហា ការសាងសង់កីឡដ្ឋានធំ (Main Stadium) នៃពហុកីឡដ្ឋានជាតិមរតកតេជោនៅតែដំណើរការតាមការគ្រោង ដោយក្រុមការងារទាំងអស់គោរពតាមវិធានសុខាភិបាល។ និយាយពីការតម្លើងកៅអីវិញ ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងគណៈកម្មាធិការជាតិរៀបចំការប្រកួតស៊ីហ្គេម ២០២៣ បានប្រាប់ BTV ថា មកដល់ពេលនេះកៅអីប្រមាណ ១២០០០ ត្រូវបានបំពាក់ នៅសល់ ៤០០០០កៅអីទៀត ហើយគ្រោងនឹងបញ្ចប់ការងារនេះនៅខែមេសាខាងមុខ។

ឯកឧត្ដមបានបន្តឲ្យដឹងដែរថា ចំណែកការងារដាំស្មៅបានបញ្ចប់រួចរាល់ ឥឡូវនេះស្មៅធម្មជាតិចាប់ផ្ដើមដុះបណ្ដើរៗហើយ។ ពោលតាមគម្រោងការងារសាងសង់កីឡដ្ឋានធំនេះ នឹងបញ្ចប់នៅខែឧសភា។ សូមជម្រាបជូនថា កីឡដ្ឋានធំ (Main Stadium) ប្រណិត ជាហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ដែលជាអំណោយដ៏ថ្លៃថ្លាជូនចំពោះប្រជាជនកម្ពុជា និងសម្ដេចតេជោនាយករដ្ឋមន្ត្រី ក្នុងទឹកប្រាក់ប្រមាណ ១៥៧លានដុល្លារអាមេរិក។ កីឡដ្ឋានធំ "Main Stadium" សាងសង់លើផ្ទៃដីទំហំ ១៦.៤ហិកតា ចំណុះទស្សនិកជនសរុប ៦០,០០០នាក់ (៥៥,០០០នាក់កៅអីផ្លូវការ និងកៅអីបំរុង ៥,០០០នាក់) ប្រើប្រាស់ជាទីលានប្រកួតកីឡាបាល់ទាត់ កីឡាបាល់ឱប និងកីឡាអត្តពលកម្ម។
ក្នុងអគារកីឡដ្ឋានធំមានរៀបចំ តាមទស្សនាទានហេដ្ឋារចនាសម្ព័ន្ធកីឡាទំនើបដូចជា៖ មានសណ្ឋាគារចំនួន ៣៤បន្ទប់ ហាងលក់ទំនិញ សំលៀកបំពាក់ ឧបករណ៍ សម្ភារៈកីឡាគ្រប់ប្រភេទ និងផលិតផលផ្សេងៗ កន្លែងកម្សាន្តកុមារ និងសាលហាត់កីឡាមួយចំនួនក្រោមអគារធំ។ លក្ខណៈពិសេសរបស់កីឡដ្ឋានធំនេះ គឺមានច្រកសុវត្ថិភាពជាច្រើនដែលអាចរំដោះមនុស្ស ៦០,០០០នាក់ក្នុងរយៈពេលតែ ៧នាទីប៉ុណ្ណោះ៕
អត្ថបទ៖ គង់ ហួន