តាកែវ៖ រសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តម ជា វ៉ាន់ដេត សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជន និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តតាកែវ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែសីហា ឆ្នាំ២០២៦ របស់គណបក្សប្រជាជនកម្ពុជាខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អនុប្រធាន សមាជិក សមាជិកាក្រុមការងារគណបក្សចុះមូលដ្ឋាន ក្រុង ស្រុក ឃុំ សង្កាត់ និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ទាំង ១០០ នៃខេត្តតាកែវ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តតាកែវ។
នៅក្នុងឱកាសនោះ ឯកឧត្តម ជា វ៉ាន់ដេត បានធ្វើការណែនាំដល់ក្រុមការងារក្រុង ស្រុក ទាំង ១០ និងសមាជិក សមាជិកា នៃអង្គពិធីទាំងអស់ត្រូវខិតខំអនុវត្តឱ្យបានពេញលេញចំពោះផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ដែលបានដាក់ចេញដោយគណបក្សប្រជាជនកម្ពុជា។
បន្ថែមលើនេះ ឯកឧត្តមប្រធានក្រុមការងារបក្សចុះមូលដ្ឋានខេត្តតាកែវក៏បានណែនាំដល់សមាជិក សមាជិកាគណបក្សឃុំសង្កាត់ ត្រូវបន្តពង្រឹងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ គ្រប់គ្រងបញ្ជីសមាជិកគណបក្សឱ្យបានគ្រប់ជ្រុងជ្រោយ បន្តជំរុញការចុះឈ្មោះបោះឆ្នោតឱ្យបានទាន់ពេលវេលា និងខិតខំកៀរគរសម្លេងគាំទ្រគណបក្សឱ្យបានផុសផុល ដើម្បីសម្រេចបានគោលដៅសម្រាប់ការបោះឆ្នោតនៅពេលខាងមុខ។ លើសពីនេះ ក្រុមការងារ និងអាជ្ញាធរមូលដ្ឋាន ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ចំពោះការសម្រាលទុក្ខលំបាកនានារបស់បងប្អូនប្រជាពលរដ្ឋដែលជួបការលំបាកនានាបន្ថែមទៀត៕








