មានត្រឹម ២ក្រុមប៉ុណ្ណោះ ដែលរកបាន ៣ពិន្ទុពេញពីការប្រកួតដំបូងរបស់ខ្លួន ក្នុងសប្ដាហ៍ទី១ នៃលីគកំពូលកម្ពុជា ឆ្នាំ២០២៦/២៧ ដែលបានបើកការប្រកួតរដូវកាលថ្មី កាលពីចុងសប្ដាហ៍កន្លងទៅ រួមមានក្រុមការពារតំណែងជើងឯក ព្រះខ័នរាជស្វាយរៀង និងក្រុមវិសាខា ស្របពេលការប្រកួត ៣គូផ្សេងទៀត សុទ្ធតែបញ្ចប់ដោយលទ្ធផលស្មើគ្នា។

សម្រាប់ក្រុមព្រះខ័នរាជស្វាយរៀង បានយកឈ្នះក្រុមម្ចាស់ផ្ទះគិរីវង់សុខសែនជ័យ ដោយលទ្ធផល ៣-០ កាលពីល្ងាចថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ នៅកីឡដ្ឋានគិរីវង់ ខេត្តតាកែវ ។ គ្រាប់បាល់ជ័យជម្នះរបស់ក្រុមការពារតំណែងជើងឯកនេះ សុទ្ធតែបានកើតឡើងនៅវគ្គទី១ ដែលរកបានដោយកីឡាករ Van Der Water នៅនាទីទី៧ និងកីឡាករ សៀង ចន្ធា ២គ្រាប់ នៅនាទី២៨ និងនាទី៤២។
ចំណែកក្រុមវិសាខា បានយកឈ្នះយ៉ាងចាស់ដៃលើក្រុមម្ចាស់ផ្ទះកងយោធពលខេមរភូមិន្ទ ៦-១ ហើយគ្រាប់បាល់ជ័យជម្នះនេះ សុទ្ធតែរកបានដោយកីឡាករចំណូលថ្មី រួមមានខ្សែបម្រើប្រយុទ្ធ Pa Ousman Gai ១គ្រាប់, នេតូ រ៉ុនដុន ២គ្រាប់, ហាវ សុខនេត្រ ២គ្រាប់ និង herwin Seedorf ១គ្រាប់ គ្រាដែល ១គ្រាប់របស់ក្រុមម្ចាស់ផ្ទះ កើតឡើងដោយការទាត់បាល់ពិន័យ ១១ម៉ែត្រពីកីឡាករ Balanga Josemar នៅចុងវគ្គទី២។ ជ័យជម្នះនេះ នាំឲ្យវិសាខា និងព្រះខ័នរាជស្វាយរៀង ឈរលេខ១ និងលេខ២ បណ្ដោះអាសន្ន ដោយរកបាន ៣ពិន្ទុស្មើគ្នា។
ក្រឡេកទៅចាប់អារម្មណ៍ការប្រកួតបើកឆាករដូវកាលថ្មី ៣គូផ្សេងទៀត សុទ្ធតែបានបញ្ចប់ដោយភាពជក់ចិត្ត និងស្ថិតស្វាញខ្លាំង ដោយបានត្រឹមចែកគ្នា ១ពិន្ទុ ក្នុងនោះក្រុមភ្នំពេញក្រោន បានប្រកួតស្មើក្រុមណាហ្គាវើលដ៏ ២-២ ខណៈអង្គរថាយហ្គឺរ ប្រកួតស្មើក្រុមភ្ញៀវ អឹមអូអាយ កំពង់ដេវ៉ា ០-០ និងក្រុមបឹងកេត បានប្រកួតស្មើ អាយអេសអាយ ដង្កោសែនជ័យ ៣-៣។
ការបញ្ចប់ដោយលទ្ធផលស្មើគ្នាជាច្រើនគូក្នុងសប្ដាហ៍ដំបូងនេះ ជាសញ្ញាណបង្ហាញពីភាពតានតឹងនៃលីគកំពូលកម្ពុជារដូវកាលថ្មី ដែលកាន់តែពិបាកស្មាន សម្រាប់ក្រុមនីមួយៗ ក្នុងការស្វែងរកជ័យជម្នះ បន្ទាប់ពីបណ្ដាក្លិបទាំងអស់ បានខិតខំពង្រឹង និងរៀបចំក្រុមកាន់តែល្អប្រសើរ ក្នុងការត្រៀមការប្រកួតប្រជែងក្នុងរដូវកាលនេះ៕ អត្ថបទ លី ឈុនឡា

