ក្លិបកីឡាបាល់ទាត់ព្រះខ័នរាជស្វាយរៀង នៅព្រឹកថ្ងៃទី៧ ខែកញ្ញានេះ បានរៀបចំពិធីក្រុងពាលី ប្រោសព្រំ សុំសេចក្ដីសុខសេចក្ដីចម្រើន សម្រាប់ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៃ កីឡដ្ឋានស្វាយរៀងឡើងវិញ បន្ទាប់ពីចំណាយពេលកែលម្អ និងជួសជួលអស់រយៈ ១រដូវកាល ។
ពិធីក្រុងពាលីសម្ពោធដាក់ឲ្យប្រើប្រាស់កីឡដ្ឋាន ក្រោយចំណាយពេល ១រដូវកាល ដើម្បីជួសជុល និងកែលម្អកាន់តែទំនើបអស្ចារ្យនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ឌី វិជ្ជា ប្រធានក្លិបព្រះខ័នរាជស្វាយរៀង និងលោកជំទាវ ហ៊ុន ម៉ាណា ហើយក៏មានការចូលរួមពីភ្ញៀវជាតិ-អន្ដរជាតិជាច្រើន ក្នុងនោះក៏មានវត្តមានមន្ដ្រីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងថ្នាក់ដឹកនាំក្រុមហ៊ុនខេមបូឌានព្រីមៀរលីគផងដែរ។
គួរដឹងថា កីឡដ្ឋានស្វាយរៀង ដែលជាទឹកដីរបស់ក្លិបព្រះខ័នរាជស្វាយរៀង ត្រូវបានក្លិបធ្វើការជួសជុល និងកែលម្អកាន់តែទំនើប ជាមួយហេដ្ឋារចនាសម្ព័ន្ធ និងគ្រឿងបរិក្ខាដ៏អស្ចារ្យជាច្រើន ក្នុងនោះក្រៅពីការពង្រីកកន្លែងអង្គុយសម្រាប់អ្នកគាំទ្ររហូតដល់ជាង ៧ពាន់នាក់ ក៏មានការបំពាក់នូវប្រព័ន្ធភ្លើង LED ជុំវិញទីលាន, បន្ទប់ VIP និងកន្លែងលក់អាហារ ភេសជ្ជៈ ជាដើម។
ការសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការឡើងវិញពេលនេះ ស្របពេលលីគកំពូលកម្ពុជា ឆ្នាំ២០២៦/២៧ បានចាប់ផ្ដើម ក្នុងនោះប្រកួតដំបូង ដែលធ្វើឡើងក្រៅដី ព្រះខ័នរាជស្វាយរៀង បានយកឈ្នះក្រុមគិរីវង់សុខសែនជ័យ ៣-០ ស្របពេលការប្រកួតបន្ទាប់ ព្រះខ័នរាជស្វាយរៀង នឹងត្រូវបើកទ្វារកីឡដ្ឋានស្វាយរៀង ទទួលក្រុមភ្ញៀវកងយោធពលខេមរភូមិន្ទលើកដំបូង នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខ៕














