បាល់ទាត់៖ ការប្រកួតកីឡាបាល់ទាត់ជម្រើសជើងឯកជាតិ ២០២១ រឺមិត្តហ្វូនខាំបូឌាលីគ សប្ដាហ៍ទី៣ នេះនៅសល់តែមួយប្រកួតទេ ខណៈការប្រកួតថ្ងៃអង្គារ៍មិនមានប្រកួត និងពីរប្រកួតទៀតនៅថ្ងៃពុធក៏មិនលេងដែរ ដោយសារបច្ចុប្បន្នភាពនៃការរីករាលដាលជំងឺកូវីដ-១៩។

មួយប្រកួតដែលនៅសល់គឺក្លិបកងយោធពលខេមរភូមិន្ទ ធ្វើដំណើរឆ្លងទន្លេមេគង្គទៅជួបជាមួយម្ចាស់ផ្ទះអាស៊ីអឺរ៉ុប យូណាយធីត នៅទីលាន AEU Sport Park ដែលមានមូលដ្ឋាននៅឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល។ ចំពោះមុខមុនការប្រកួតមកដល់ កងយោធពលខេមរភូមិន្ទ រឺធីហ្វីអាមី បានត្រៀមលក្ខណៈរួចរាល់ហើយសម្រាប់ជំនួបខាងមុខនេះ។ មកដល់ពេលនេះ ក្រុមទាំងពីរទើបបញ្ចប់បានមួយប្រកួតម្នាក់ទេ ពោលគឺថ្ងៃបើករដូវកាលសប្តាហ៍ទី១ ដោយកងយោធពលខេមរភូមិន្ទស្មើជាមួយម្ចាស់ផ្ទះវិសាខា ០ទល់នឹង០ ចំនែកអាស៊ីអឺរ៉ុបចាញ់គីរីវង់សុខសែនជ័យ ២ទល់នឹង៤។
ប្រកួតសប្តាហ៍ទី២ របស់ក្លិបទាំងពីរនេះ អាស៊ីអឺរ៉ុបជាមួយម្ចាស់ជើងឯកបឹងកេត និងទីហ្វីអាមីជាមួយណាហ្កាត្រូវលើកទៅលេងនៅថ្ងៃទី២០ ខែមេសាដូចគ្នា។ តាំងពីឆ្នាំ២០១៨ រហូតដល់២០២០ ក្រុមទាំងពីរជួបគ្នា ៦ដង ទាំងពានរង្វាន់សម្តេចតេជោ និងលីគកំពូលកម្ពុជា ក្នុងនោះអាស៊ីអឺរ៉ុបឈ្នះតែម្តងគាត់ ហើយក៏មិនដែលស្មើ៕
អត្ថបទ៖ គង់ ហួន