ការប្រកួតពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឬពាន Hun Sen Cup លើកទី២០ (ថ្នាក់ខេត្ត) ឆ្នាំ២០២៦/២៧ នឹងបន្ដការប្រកួតសន្សំពិន្ទុ សប្ដាហ៍ទី៨ នៅថ្ងៃទី៨ និងថ្ងៃទី៩ ខែកញ្ញានេះ ដែលសុទ្ធសឹងជាជំនួបដ៏ជក់ចិត្ត ដ្បិតក្រុមនីមួយៗ កំពុងត្រូវការជ័យជម្នះ ដើម្បីមានឱកាសឡើងវគ្គបន្ដ ពិសេសជំនួបនារសៀលថ្ងៃអង្គារនេះ។
សម្រាប់កម្មវិធីប្រកួតនៅថ្ងៃទី៨ ខែកញ្ញានេះ រួមមានក្រុមមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម ត្រូវជួបក្រុមមន្ទីរអប់រំ យុវជន និងកីឡាខេត្តស្វាយរៀង នៅទីលានវិទ្យាល័យព្រះសីហនុ ។ នេះគឺជាការប្រកួតដ៏សំខាន់ក្រុមទាំងពីរ ពិសេសកំពង់ចាម ក្នុងនាមក្រុមការពារជើងឯក គឺត្រូវការជ័យជម្នះដាច់ខាត ដើម្បីរក្សាឱកាសប្រជែងកៅអីវគ្គបន្ដ។
បច្ចុប្បន្នមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម កំពុងឈរលេខ៣ ក្នុងពូលD ទើបរកបាន ៤ពិន្ទុក្នុងដៃ តាមពីក្រោយខេត្តស្វាយរៀង ឈរលេខ២ មាន ៦ពិន្ទុ និងត្បូងឃ្មុំ មាន ៧ពិន្ទុ។ ផ្អែកលើស្ថានភាពបច្ចុប្បន្ន ទាំងកំពង់ចាម និងស្វាយរៀង សុទ្ធតែត្រូវការពិន្ទុពីជំនួបជើងទី២ នារសៀលនេះ ដើម្បីមានឱកាសប្រជែងកៅអីទៅវគ្គបន្ដ។ យ៉ាងណាក្រឡេកទៅចាប់អារម្មណ៍ជួបគ្នា កាលពីជើងទី១ ខេត្តស្វាយរៀង បានយកឈ្នះខេត្តកំពង់ចាម ៣-២។ ដូច្នេះចាំមើលជំនួបល្ងាចនេះ ក្រុមណា នឹងអាចប្រជែងបាន ៣ពិន្ទុបន្ថែម?
ដំណាលគ្នាផងដែរ នៅរសៀលថ្ងៃអង្គារនេះ នឹងមានជំនួបដ៏ជក់ចិត្តមួយទៀត រវាងក្រុមបាល់ទាត់ខេត្តកោះកុង និងក្រុមភ្ញៀវខេត្តព្រះសីហនុ។ នេះគឺជាជំនួបដ៏ជក់ចិត្តក្នុងពូលE សម្រាប់ក្រុមទាំងពីរ ដែលត្រូវការជ័យជម្នះរៀងៗខ្លួន ដើម្បីប្រជែងកៅអីកំពូលតារាងបណ្ដោះអាសន្ន។ បច្ចុប្បន្នក្រុមទាំងពីរ មាន ៥ពិន្ទុស្មើគ្នា លើក្រុមមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពត ដែលរកបាន ៣ពិន្ទុ និងខេត្តកែប មាន ២ពិន្ទុ។ ដូច្នេះក្រុមនីមួយៗ សុទ្ធតែនៅសល់ឱកាសប្រជែងកៅអីវគ្គបន្ដ ដ្បិតនៅសល់ ៣ប្រកួតរៀងៗខ្លួន ពិសេសខេត្តព្រះសីហនុ និងខេត្តកោះកុង ដែលជាក្រុមមានអាទិភាព ព្រោះកំពុងមានប្រៀបលើគូប្រជែង គ្រាដែលកាលពីជើងទី១ ក្រុមទាំងពីរ បានប្រកួតស្មើគ្នា ២-២។
ក្រៅពីជំនួបដ៏ក្ដៅគគុកនេះ នៅថ្ងៃបន្ទាប់ នឹងមានការប្រកួតសំខាន់ៗ ២គូទៀត រវាងក្រុមសមាគមកីឡាបាល់ទាត់ខេត្តត្បូងឃ្មុំ និងក្រុមភ្ញៀវមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រៃវែង និងសមាគមកីឡាបាល់ទាត់ខេត្តកែប ជាមួយក្រុមភូមិរផងរបងជាមួយគ្នា មន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពត។ ការប្រកួតនេះដែរ ត្បូងឃ្មុំ ត្រូវការពារជ័យជម្នះរបស់ខ្លួន ដើម្បីរក្សាកៅអីកំពូលតារាងពូលD ក្រោយជើងទី១ ពួកគេបានយកឈ្នះព្រៃវែង ៧-០ ។ រីឯខេត្តកំពត និងខេត្តកែប ក៏ត្រូវការ ៣ពិន្ទុដូចគ្នា ដើម្បីរក្សាឱកាសស្ដួចស្ដើងរបស់ខ្លួន ក្នុងការប្រកួតកៅអីវគ្គបន្ដផងដែរ៕ អត្ថបទ លី ឈុនឡា
