រុស្ស៊ី៖ មន្ត្រីជាន់ខ្ពស់របស់រុស្ស៊ី និងជាទីប្រឹក្សាជិតស្និទ្ធរបស់លោកប្រធានាធិបតី Vladimir Putin បានព្រមានអំពី "សង្គ្រាមនុយក្លេអ៊ែរពេញបន្ទុក" ប្រសិនបើសម្ព័ន្ធណាតូបន្តសម្រុកបញ្ជូនអាវុធចូលអ៊ុយក្រែន។

លោក Dmitry Medvedev អនុប្រធានក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៊ីបានគំរាមភ្លាមៗ បន្ទាប់ពីហ្វាំងឡង់បានបោះជំហានមួយទៀតខិតទៅកាន់តែជិត ក្នុងការដាក់ពាក្យស្នើសុំចូលជាសមាជិកសម្ព័ន្ធភាពលោកខាងលិច។ អតីតប្រធានាធិបតីរុស្ស៊ីបាននិយាយនៅក្នុងសារ Telegram ថា “បណ្តាប្រទេសជាសមាជិកណាតូដែលសម្រុកដឹកអាវុធចូលអ៊ុយក្រែន ការបណ្ដុះបណ្ដាលកងទ័ពឲ្យចេះប្រើឧបករណ៍របស់លោកខាងលិច ការបញ្ជូនទាហានស៊ីឈ្នួល និងសមយុទ្ធនៃបណ្ដាប្រទេសសម្ព័ន្ធមិត្តនៅជិតព្រំដែនរបស់យើង បង្កើនលទ្ធភាពនៃជម្លោះដោយផ្ទាល់ និងបើកចំហរវាងណាតូ និងប្រទេសរុស្ស៊ី។ លោក Medvedev បានបន្ថែមថា ជម្លោះបែបនេះតែងតែមានហានិភ័យនៃការប្រែក្លាយទៅជាសង្គ្រាមនុយក្លេអ៊ែរពេញបន្ទុក។ ភាពតានតឹងនេះនឹងជាសេណារីយ៉ូដ៏មហន្តរាយសម្រាប់មនុស្សគ្រប់គ្នា៕
អត្ថបទ៖ សុខមាន