ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្ហាញការឯកភាពទាំងស្រុង និងបានអំពាវនាវឱ្យមានការចូលរួមចំណែកពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងការលើកកម្ពស់វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) នៅកម្ពុជាឱ្យកាន់តែមានសក្តានុពលបន្ថែមទៀត។

នៅក្នុងការផ្សាយកម្មវិធី «កញ្ចក់ទិព្វ» ក្រោមប្រធានបទ «ធីវ៉េត ជាស្ពានចម្លងយុវជនឆាប់ចូលទីផ្សារការងារ» កាលពីល្ងាចថ្ងៃទី៧ កញ្ញា ឆ្នាំ២០២៦កន្លងទៅ ដើម្បីឆ្លើយតបទៅនឹងតម្រូវការកម្លាំងពលកម្មជាក់ស្តែង ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ បានជំរុញដល់គ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ទាំងអស់ ត្រូវតែពង្រឹង និងពង្រីកកិច្ចសហការជាមួយវិស័យឯកជនឱ្យបានជិតស្និទ្ធ។ ការធ្វើបែបនេះ គឺដើម្បីធានាឱ្យបាននូវការផ្សារភ្ជាប់ទីផ្សារការងារទៅនឹងជំនាញសិក្សា ជួយឱ្យយុវជនទទួលបានការបណ្តុះបណ្តាលចំគោលដៅ និងស្របតាមតម្រូវការជាក់ស្តែងរបស់ក្រុមហ៊ុន សហគ្រាស និងរោងចក្រ។
បន្ថែមពីលើនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានផ្តល់ការណែនាំ និងដាស់តឿនដ៏មានតម្លៃទៅកាន់យុវជនថា មុននឹងសម្រេចចិត្តជ្រើសរើសរៀនជំនាញអ្វីមួយ យុវជនត្រូវស្គាល់ខ្លួនឯងឱ្យច្បាស់ជាមុនសិន ពិសេសគឺត្រូវស្វែងយល់ពីចំណង់ចំណូលចិត្តពិតប្រាកដរបស់ខ្លួន។ កាលណាជ្រើសរើសជំនាញដែលខ្លួនស្រឡាញ់ យុវជននឹងមានការតស៊ូ បន្តការសិក្សាទៅមុខបានយ៉ាងល្អ និងមិនងាយបោះបង់ចោលពាក់កណ្តាលទីឡើយ។
ពាក់ព័ន្ធការលើកឡើងខាងលើនេះ វាគ្មិនសំខាន់ៗ ៣រូប រួមមាន៖ លោក រស់ វ៉ា អ្នកគ្រប់គ្រងកម្មវិធីជាន់ខ្ពស់ថ្នាក់ជាតិ នៃទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការ (SDC) ឯកឧត្តម ប៊ុន ភារិន អតីតនាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) និងលោក ទុន សុភ័ណ អ្នកសម្របសម្រួលថ្នាក់ជាតិប្រចាំកម្ពុជារបស់អង្គការអន្តរជាតិខាងការងារ (ILO) ក៏បានលើកទឹកចិត្តដល់យុវជនកម្ពុជា ឱ្យងាកមកចាប់អារម្មណ៍ចុះឈ្មោះរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ព្រោះវិស័យនេះជាជម្រើសដ៏វិសេសវិសាលក្នុងការឆ្លើយតបនឹងទីផ្សារការងារលឿនរហ័ស។ លើសពីនេះ មានការរៀបចំឱកាសសិក្សាជាច្រើនកម្រិត ចាប់ពីកម្រិតទាបរហូតដល់កម្រិតខ្ពស់ ដែលអនុញ្ញាតឱ្យយុវជនអាចបន្តអភិវឌ្ឍសមត្ថភាពខ្លួនឯងជាបន្តបន្ទាប់ ដើម្បីកសាងអនាគតអាជីពមួយដ៏រឹងមាំ និងមានស្ថិរភាពពិតប្រាកដក្នុងជីវិត៕ អត្ថបទ៖ ឈិត បូរ៉ាវី





