ភ្នំពេញ៖ ដោយសារភាពកើនឡើងនៃការជួញដូរហ៊ុនកាន់តែញឹកញាប់ជាងមុន ការជួញដូរហ៊ុន នឹងអាចកើនដល់ ១លានដុល្លារ ក្នុង១ថ្ងៃ ខណៈការជួញដូរជាមធ្យមប្រចាំថ្ងៃមានប្រមាណ ៣០ម៉ឺនដុល្លារ នៅក្នុង១ថ្ងៃ។
ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ក្រោយចប់ពិធីប្រគល់ទទួលវិញ្ញាបនបត្រទទួលស្គាល់ធនាគារ អេស៊ីលីដា ភីអិលស៊ី ជាភ្នាក់ងាររក្សាសុវត្ថិភាពក្នុងវិស័យមូលបត្រ កាលពីរសៀលថ្ងៃទី១២ ឧសភា ឆ្នាំ២០២២កន្លងទៅ មានប្រសាសន៍ប្រាប់ទូរទស្សន៍ព័ត៌មាន ប៊ីធីវី ស្របពេលដែលទីផ្សារហ៊ុនបានកំពុងរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ ជាមួយនឹងការកើនឡើងយ៉ាងខ្លាំងនូវចំនួនវិនិយោគ និងទំហំជួញដូរ។
គិតមកទល់បច្ចុប្បន្ន គណនីជួញដូរបានឡើងប្រមាណជាង ៣ម៉ឺនគណនី។ ក្រោពីនេះ ក៏នឹងមានការចូលរួមរបស់តួអង្គថ្មីៗជាច្រើនទៀត ដូចជាក្រុមហ៊ុនមូលបត្រភ្នាក់ងារថែរក្សាទ្រព្យសម្បត្តិជំនួន ក្រុមហ៊ុនគ្រប់គ្រងមូលនិធិ។ល។
រហូតមកដល់បច្ចុប្បន្ននេះ កម្ពុជាមានក្រុមហ៊ុនចំនួន៩ ចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិនៅក្រុមហ៊ុនផ្សារមូលបត្រកម្ពុជាដែលក្នុងនោះ ក្រុមហ៊ុនចុះបញ្ជីនៅទីផ្សារគោលចំនួន៧ក្រុមហ៊ុន និងក្រុមហ៊ុនចុះបញ្ជីនៅទីផ្សារកំណើនមានចំនួន២ក្រុមហ៊ុន។ ដោយឡែក ចំពោះទីផ្សារមូលបត្របំណុល មានក្រុមហ៊ុនចំនួន៦ ចុះបញ្ជីសញ្ញាប័ណ្ណ នៅក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា៕ អត្ថបទ៖ ឈិត បូរ៉ាវី