បាល់ទាត់៖ Tottenham Hotspur បានបន្តដាក់សំពាធលើក្រុមកាំភ្លើងធំ Arsenal ក្នុងការប្រជែងតំណែង Top4 នៅ English Premier League រដូវកាលនេះបន្ទាប់ពីយកឈ្នះ ៣-០ យប់មិញ។

ខ្សែប្រយុទ្ធអង់គ្លេស Harry Kane បើកការនាំមុខឱ្យ Spurs នៅនាទីទី ២២ ដោយបាល់ពិន័យ ១១ ម៉ែត្រមុនពេលដែល Arsenal សល់គ្នាតែ ១០ នាក់បន្ទាប់ពី Rob Holding ត្រូវបានបណ្តេញចេញនៅនាទីទី ៣៣។ មុនចប់វគ្គទី ១ Spurs ក៏រកបានមួយគ្រាប់ទៀតដោយ Harry Kane ដដែលនាទីទី ៣៧ មុនពេលដែល Heung-min Son រកបានគ្រាប់បង្ហើយ ៣-០ នៅនាទីទី ៤៧។

បីពិន្ទុនេះធ្វើឱ្យ Spurs បន្តឈរលេខ ៥ តែកាត់បន្ថយការនាំមុខរបស់ Arsenal នៅលេខ ៤ មកត្រឹម ១ ពិន្ទុខណៈនៅសល់ ២ ប្រកួតទៀតចប់រដូវកាលដូចគ្នា។ ពីរប្រកួតចុងក្រោយរបស់ Spurs រួមមានទទួល Burnley និងទៅទឹកដី Norwich City ខណៈដែល Arsenal ត្រូវទៅទឹកដី Newcastle និងទទួល Everton៕
អត្ថបទ៖នាង សុភាវុធ