សហរដ្ឋអាមេរិក៖ ផែនការរបស់សហរដ្ឋអាមេរិកក្នុងការផ្តល់ជំនួយផ្នែកយោធា និងសេដ្ឋកិច្ចបន្ថែមចំនួនជិត ៤០ពាន់លានដុល្លារដល់អ៊ុយក្រែន ស្របពេលមានជម្លោះជាមួយរុស្ស៊ីបានជាប់គាំងដោយព្រឹទ្ធសមាជិកលោក Rand Paul មកពីគណបក្សសាធារណរដ្ឋមកពីរដ្ឋ Kentucky បានរារាំងការបោះឆ្នោតរហ័ស ដើម្បីអនុម័តលើសេចក្ដីស្នើច្បាប់លើការផ្តល់មូលនិធិ ហើយទំនងជាពន្យារពេលការអនុម័តយ៉ាងហោចណាស់នៅសប្តាហ៍ក្រោយ។
លោក Paul បានប្រឆាំងកាលពីថ្ងៃព្រហស្បតិ៍ ដោយការជំទាស់ទៅនឹងសំណើរបស់មេដឹកនាំព្រឹទ្ធសភាក្នុងការអនុម័ត ការយល់ព្រមជាឯកច្ឆន្ទ ជាបទប្បញ្ញត្តិ ដែលតម្រូវឲ្យសេចក្ដីស្នើច្បាប់នេះមានការគាំទ្រពេញទំហឹង ដោយមិនចាំបាច់មានការពិភាក្សាដេញដោល។ អតីតបេក្ខជនតំណែងប្រធានាធិបតីរូបនេះបាននិយាយថា លោកនឹងអនុញ្ញាតឲ្យមានការបោះឆ្នោតរហ័ស លុះត្រាតែសេចក្ដីស្នើច្បាប់នោះត្រូវបានកែសម្រួល ដោយរួមមានការតែងតាំងអគ្គអធិការកិច្ចពិសេសមួយរូបដើម្បីត្រួតពិនិត្យថា តើកញ្ចប់ថវិកាដ៏ធំនេះត្រូវបានចំណាយដោយរបៀបណា ជាការទាមទារមួយដែលមេដឹកនាំសំឡេងភាគច្រើននៅព្រឹទ្ធសភា Chuck Schumer មកពីគណបក្សប្រជាធិបតេយ្យមកពីរដ្ឋ New York (D-New York) មិនព្រមធ្វើតាម៕
អត្ថបទ៖ សុខមាន