ភ្នំពេញ៖ ក្នុងជំនួបការងារនៅទឹកដីសហរដ្ឋអាម៉េរិក ភាគីរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលឥណ្ឌូនេស៊ី បានប្តេជ្ញារួមគ្នា ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ក៏ដូចជានៅក្នុងតំបន់អាស៊ានទាំងមូលផងដែរ។
ក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី១៣ ឧសភា ឆ្នាំ២០២២នេះ បានឲ្យទូរទស្សន៍ព័ត៌មាន ប៊ីធីវី ដឹងថា នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងឯកឧត្តម ម៉ូហាម៉េត ឡូតហ្វី (Muhammad Lutfi) រដ្ឋមន្រ្តីពាណិជ្ជកម្មឥណ្ឌូនេស៊ី បានជួបការងារគ្នា ដើម្បីពិភាក្សា និងផ្លាស់ប្តូរយោបល់លើការងារដើម្បីត្រៀមចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃ១៨ ខែឧសភាខាងមុខ នៅទីក្រុងបាលី ប្រទេសឥណ្ឌូនេស៊ី។
ប្រភពដដែល បានឲ្យដឹងទៀតថា តាមរយៈជំនួបនេះ ភាគីទាំងពីរបានពិភាក្សា និងផ្លាស់ប្តូរយោបល់អំពីវឌ្ឍនភាពសេដ្ឋកិច្ច-ពាណិជ្ជកម្មទាំងក្នុងតំបន់ និងសកល ព្រមទាំងបានពិភាក្សាលើប្រធានបទមួយចំនួនដែលត្រូវយកចិត្តទុកដាក់ ដើម្បីត្រៀមសម្រាប់កិច្ចប្រជុំពិសេសរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានខាងមុខ ដែលកិច្ចប្រជុំទាំងនោះផ្តោតសំខាន់លើមជ្ឈភាពអាស៊ាន ការធ្វើឱ្យស៊ីជម្រៅខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ ការប្រែប្រួលនៃភូមិសាស្រ្តនយោបាយ និងផលប៉ះពាល់ដល់សេដ្ឋកិច្ចតំបន់-សកល ព្រមទាំងសេដ្ឋកិច្ចបៃតង ជាដើម។
ជាមួយគ្នានេះ ភាគីឥណ្ឌូនេស៊ី ក៏បានអញ្ជើញ ឯកឧត្តមរដ្ឋមន្រ្តី ក្នុងនាមជាប្រធានកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន ឆ្នាំ២០២២ ដើម្បីចូលរួមក្នុងកិច្ចប្រជុំក្រុមប្រទេស G20 ដែលប្រទេសឥណ្ឌូនេស៊ី ជាប្រធាន រួមមានកិច្ចប្រជុំក្រុមការងារពាណិជ្ជកម្ម-វិនិយោគនិងឧស្សាហកម្ម និងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី ដែលគ្រោងនឹងប្រព្រឹត្តទៅខែកញ្ញាខាងមុខ នៅប្រទេសឥណ្ឌូនេស៊ីផងដែរ៕
អត្ថបទ៖ ឈិត បូរ៉ាវី


