ការប្រកួតកីឡាប្រដាល់គុនខ្មែរជ្រើសរើសជើងឯកទ្វីបអាស៊ី លើកទី១ (1st Asian Kun Khmer Championship) ឆ្នាំ២០២៦ នៅប្រទេសវៀតណាម បានបញ្ចប់ដោយជោគជ័យ ដោយមានប្រតិភូកីឡាជិត ៣០០នាក់មកពី ១៤ប្រទេសចូលរួម ខណៈការប្រកួតបន្ទាប់ គ្រោងនឹងរៀបចំ នៅប្រទេសឥណ្ឌូនេស៊ី នាឆ្នាំក្រោយ។
ព្រឹត្តិការណ៍ជើងឯកប្រចាំទ្វីប លើប្រភេទកីឡាក្បាច់គុនបុរាណខ្មែរ ដែលមានការគាំទ្រពីសហព័ន្ធកីឡាប្រដាល់គុនខ្មែរអន្ដរជាតិ និងសហការរៀបចំ រវាងសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ជាមួយម្ចាស់ផ្ទះវៀតណាម នេះ បានប្រព្រឹត្តទៅពីថ្ងៃទី១ ដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ នៅទីក្រុងកាន់ថឺ ប្រទេសវៀតណាម។
ជាលទ្ធផលបច្ចេកទេសក្រោយឆ្លងកាត់ការប្រកួតប្រមាណ ១សប្ដាហ៍ ក្នុងនាមម្ចាស់ក្បាច់គុន ក្រុមអត្តពលិកគុនខ្មែររបស់កម្ពុជា ដណ្ដើមបានមេដាយសរុប ៧១គ្រឿង (មាស ៣៥ ប្រាក់ ២៧ និងសំរឹទ្ធ ៩) ឈរលើលេខរៀងទី២ បន្ទាប់ពីម្ចាស់ផ្ទះវៀតណាម ដណ្ដើមបានមេដាយសរុប ៧៥គ្រឿង (មាស ៣៨ ប្រាក់ ៣០ និងសំរឹទ្ធ)។
ដោយឡែកបណ្ដាប្រទេសចូលរួមផ្សេងៗទៀត សុទ្ធសឹងទទួលបានមេដាយ ក្នុងនោះក្រុមកីឡាប្រដាល់គុនខ្មែរ មកពីឥណ្ឌូនេស៊ី ឈរលេខ៣ ឈ្នះមេដាយសរុប ៩គ្រឿង(មាស ១ ប្រាក់ ៥ និងសំរឹទ្ធ ៣), ឡាវ ឈរលេខ៤ ឈ្នះមេដាយសរុប ៤គ្រឿង (មាស ១ ប្រាក់ ២ និងសំរឹទ្ធ ១), ចិន និងហ្វីលីពីន ឈរលេខ៥ និងលេខ៦ ឈ្នះមេដាយសរុប ៤គ្រឿងដូចគ្នា (មាស ១ ប្រាក់ ១ និងសំរឹទ្ធ ២), ម៉ាឡេស៊ី ឈរលេខ៧ ឈ្នះមេដាយសរុប ៣គ្រឿង (មាស ១ និងសំរឹទ្ធ ២), កាហ្សាក់ស្ថាន ឈរលេខ៨ ឈ្នះមេដាយសរុប ៥គ្រឿង(ប្រាក់ ៤ និងសំរឹទ្ធ ១), អាហ្វហ្គានីស្ថាន ឈរលេខ៩ ឈ្នះមេដាយប្រាក់ ៤, ឥណ្ឌា ឈរលេខ១០ ឈ្នះមេដាយប្រាក់ ៣ និងកូរ៉េខាងត្បូង ឈរលេខ១១ ឈ្នះមេដាយប្រាក់ ១គ្រឿង។
ក្រោយចប់ការប្រកួតឯកឧត្តម ខូវ ឆាយ អគ្គលេខាធិការសហព័ន្ធគុនខ្មែរអន្ដរជាតិ និងជាប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះដំណើរការរៀបចំរបស់ម្ចាស់ផ្ទះវៀតណាម ក៏ដូចជាការគាំទ្រយ៉ាងច្រើនពីបណ្ដាប្រទេសក្នុងទ្វីប។ អ្វីដែលពិសេស គឺក្រោយចប់ការប្រកួតលើកទី១ ក៏មានប្រទេសទី២ ស្នើរៀបចំការប្រកួតនាឆ្នាំបន្ទាប់ គឺឥណ្ឌូនេស៊ី ដែលមានភាគរយខ្ពស់នឹងទទួលធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍គុនខ្មែរជើងឯកអាស៊ី លើកទី២ នាឆ្នាំ២០២៧ ខាងមុខ៕ អត្ថបទ លី ឈុនឡា