នាវាចម្បាំងកងទ័ពជើងទឹករបស់កាណាដា និងនាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា រួមទាំងនាវាសម្រាប់ហ្វឹកហ្វឺនរបស់ប្រទេសរុស្ស៊ី នឹងចូលសំចត់នៅមូលដ្ឋានសមុទ្ររាម និងកំពង់ផែស្វយ័តក្រុងព្រះសីហនុនៅក្នុងអំឡុងខែកញ្ញា ឆ្នាំ២០២៦នេះ ខណៈដំណើរទស្សនកិច្ចរបស់នាវាទាំងបីប្រទេសនេះ គឺមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកងទ័ពជើងទឹកកម្ពុជាឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។
បើយោងតាមលិខិតរបស់ក្រសួងការពារជាតិកម្ពុជាបានបញ្ជាក់ថា នាវាកងទ័ពជើងទឹករុស្ស៊ី ជានាវាប្រភេទហ្វឹកហ្វឺន នឹងចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅវេលាម៉ោង៩ព្រឹកថ្ងៃទី១១ ខែកញ្ញា ដោយនាវានេះមានឈ្មោះថា Perekop ហើយនាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា មានឈ្មោះថា INS Kulish នឹងចូលសំចតនៅមូលដ្ឋានសមុទ្ររាម នៅថ្ងៃទី១២ ខែកញ្ញា ខណៈនាវាចម្បាំងរបស់កងទ័ពជើងទឹកកាណាដា ដែលមានឈ្មោះថា HMCS Regina នឹងចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦នេះ។
សូមបញ្ជាក់ថា ក្នុងអំឡុងពេលសំចតរបស់នាវាទាំងបីនេះក្រុមនាវិករបស់ពួកគេនឹងមានកម្មវិធីរួមគ្នាជាច្រើនជាមួយកងទ័ពជើងទឹកកម្ពុជា ដើម្បីបង្កើនភាពស្និតស្នាលឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ហើយមួយវិញទៀតក៏ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ រឹតចំណងមិត្តភាព សាមគ្គីភាពរវាងកងទ័ពកម្ពុជា និងប្រទេសកាណាដា ប្រទេសឥណ្ឌា និងរុស្ស៊ី ឲ្យកាន់តែល្អប្រសើរបន្ថែមទៀតផងដែរ៕ អត្ថបទបាន ចក់


