បាល់ទាត់៖ រំឭកទៅដល់ឆ្នាំ២០២០ ដែល តាំង ពិសី នៅក្រៅទីលានពេញមួយឆ្នាំតែម្ដងដោយសាររបួសសរសៃពួរ ខ្សែការពាររូបនេះអះអាងថា ពិតជាមានអារម្មណ៍ស្ដាយយ៉ាងខ្លាំង ព្រោះមិនបានរួមចំណែកជួយអង្គរថាយហ្គឺរក្នុងការប្រកួតនានា។

ហេតុដូច្នេះហើយ បានជាកីឡាករមានមូលដ្ឋាននៅខេត្តសៀមរាប បានបង្ហាញការប្ដេជ្ញាចិត្តខ្ពស់ដើម្បីជួយក្រុមរបស់ខ្លួន ទទួលបានលទ្ធផលល្អប្រសើរក្នុងការប្រកួតរដូវកាល២០២១ នេះក្រោយជាពីរបួស ១០០ភាគរយ។ តាំង ពិសី សង្កត់ធ្ងន់បែបនេះ៖ “ឆ្នាំមុនគេខកខានអត់បានហាត់ អត់បានប្រកួតមួយរដូវកាលពេញ អត់បានជួយក្លិបសូម្បីបន្តិច។ គោលដៅធំបំផុតចង់ជួយក្លិបឲ្យមានលទ្ធផលល្អ និងមានឱកាសជាប់ជម្រើសជាតិ។ ចង់ជួយក្លិបបានលទ្ធផលល្អឆ្នាំនេះ ព្រោះឆ្នាំមុនខកខានលេងដោយសាររបួសយូរ។”
កីឡាកររូបនេះបញ្ជាក់ថា ស្ថានភាពរាងកាយបានវិលរកភាពប្រក្រតីវិញហើយ ដោយលែងឈឺ ឬស្រៀវដូចមុនទៀត។ យ៉ាងណាកម្លាំងត្រូវបានប៉ះពាល់ខ្លះដែរ ដោយសារតែការសម្រាកយូរពេក។ បង្ហាញខ្លួន ២លើកដំបូងក្នុងការប្រកួត Metfone Cambodian League រដូវកាល២០២១ គេរកបាន ១គ្រាប់ពេលឈ្នះគិរីវង់សុខសែនជ័យ ២ទល់នឹង០ នៅសប្ដាហ៍ទី២។ គួរដឹងដែរថា បញ្ហារបួសដាច់សរសៃពួររបស់ តាំង ពិសី កើតឡើងអំឡុងជំនួបជាមួយបឹងកេត ក្នុងពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ ២០១៩៕
ប្រភព៖ CNCC