មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា រំលេចអំពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលទៅកាន់ដៃគូអន្តរជាតិ លើការបង្កើតបរិយាកាស វិនិយោគដែលមានភាពរស់រវើក និងអំណោយផលខ្ពស់ តាមរយៈការដាក់ច្បាប់ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ការអនុវត្តច្បាប់ និងការលើកកម្ពស់សន្តិសុខ និងការបើកច្រកទីផ្សារធំៗជាដើម។

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ថ្លែងសុន្ទរកថាគន្លឹះក្នុង ពិធីបើកពិព័រណ៌វិនិយោគ និងពាណិជ្ជកម្មអន្តរជាតិចិន លើកទី២៦ (26th CIFIT) នៅទីក្រុងសៀមិន ខេត្តហ្វូជៀន សាធារណរដ្ឋ ប្រជាមានិតចិន នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦, ឯកឧត្តមបានគូសបញ្ជាក់ពីសារសំខាន់នៃការជ្រើសរើសការពង្រឹងកិច្ចសហប្រតិបត្តិ- ការ និងការបើកចំហសេដ្ឋកិច្ច រវាងប្រទេសនិងប្រទេស ដើម្បីឆ្លើយតបទៅនឹងវិបត្តិសេដ្ឋកិច្ចសកល ការកើនឡើងនៃរបាំងពាណិជ្ជកម្ម និងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ។ ឯកឧត្តមលើកឡើងថា កម្ពុជាគឺជាប្រទេសគំរូមួយ នៃការទាញយកផលប្រយោជន៍ពី នយោបាយបើកចំហ ដែលបានផ្លាស់ប្ដូរមុខមាត់ប្រទេសជាតិបន្ទាប់ពីឆ្លងកាត់សង្គ្រាម និងការរស់នៅដោយឯកោ មកជាប្រទេសដែល មានសុខសន្តិភាព ស្ថិរភាពនយោបាយ និងការធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅទៅក្នុងសេដ្ឋកិច្ចតំបន់ និងពិភពលោក។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី លើកឡើងថា ក្រោមការដឹកនាំរបស់ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ របស់ប្រមុខរាជរដ្ឋាភិបាល កម្ពុជាបាននិងកំពុងខិតខំរៀបចំខ្លួន ឈានទៅរកការអភិវឌ្ឍមួយកម្រិតទៀត ដោយមានបំណងប្រែក្លាយទៅជាប្រទេសដែលមាន ចំណូលខ្ពស់នៅឆ្នាំ២០៥០។ ដើម្បីសម្រេចបាននូវគោលដៅខាងលើ វិស័យឯកជនត្រូវបានចាត់ទុកជាបេះដូងនៃរបត់មួយនេះ ដោយ សារការវិនិយោគពីវិស័យឯកជន មិនត្រឹមតែនាំមកនូវទុនក្នុងការចូលរួមលើកកម្ពស់សេដ្ឋកិច្ចជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតជា ឱកាសការងារ ការផ្ទេរនូវចំណេះដឹងបច្ចេកវិទ្យាទំនើបថ្មីៗ និងការផ្សារភ្ជាប់កម្ពុជាទៅក្នុងខ្សែច្រវាក់តម្លៃសកលផងដែរ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរំលេចអំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើតបរិយាកាស វិនិយោគដែលមានភាពរស់រវើក និងអំណោយផលខ្ពស់តាមរយៈ៖ ១. ច្បាប់ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបាន រៀបចំឡើងមានភាពទាក់ទាញ ដើម្បីផ្តល់នូវការលើកទឹកចិត្តខ្ពស់ និងកិច្ចការពារយ៉ាងរឹងមាំជូនដល់វិនិយោគិន។ ២. ការអនុវត្តច្បាប់ និងការលើកកម្ពស់សន្តិសុខ តាមរយៈការបង្រ្កាបយ៉ាងម៉ឺងម៉ាត់លើបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសឆ្លងដែន ផ្សេងៗ ដើម្បីធានាបរិយាកាសធុរកិច្ច និងការវិនិយោគប្រកបដោយសុវត្ថិភាព។ ៣. ការបើកច្រកទីផ្សារធំៗ តាមរយៈការប្រើប្រាស់កិច្ច ព្រមព្រៀងពាណិជ្ជកម្មសេរី (អាស៊ាន, RCEP, កិច្ចព្រមព្រៀងទ្វេភាគី), ប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុប, កិច្ចព្រម ព្រៀងពាណិជ្ជកម្មបដិការរវាងកម្ពុជានិងសហរដ្ឋអាម៉េរិក និងការខិតខំចូលជាសមាជិកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី CPTPP។
ឯកឧត្តម ក៏បានជម្រាបជូនអំពីលទ្ធផលនៃចំនួនគម្រោងវិនិយោគ ដែល ក.អ.ក. បានអនុម័តក្នុងរយៈពេល ៧ ខែ ដើមឆ្នាំ ២០២៦ ដោយទទួលបានសរុបចំនួន ៣០៩ គម្រោង ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាមេរិក ដែលរំពឹងថា នឹង បង្កើតឱកាសការងារជូនប្រជាពលរដ្ឋបានប្រមាណជាង១៧ ម៉ឺនកន្លែង ក្នុងនោះកម្ពុជាក៏បាននិងកំពុងបង្កើនគុណភាពនៃការវិនិយោគ តាមរយៈការធ្វើពិពិធកម្មទៅកាន់វិស័យដែលមានតម្លៃបន្ថែមខ្ពស់។ ជាក់ស្តែងបើទោះបីជាវិស័យកាត់ដេរសម្លៀកបំពាក់ ផលិតស្បែក ជើង និងសម្ភារៈធ្វើដំណើរ នៅតែជាវិស័យសំខាន់យ៉ាងណាក្តី កម្ពុជាបាននិងកំពុងបោះជំហានក្នុងការទាក់ទាញលំហូរវិនិយោគ ឆ្ពោះ ទៅកាន់ឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់ និងបច្ចេកវិទ្យាទំនើបរួមមាន៖ ការផលិតគ្រឿងអេឡិចត្រូនិក, ការដំឡើងយានយន្ត, ការអភិវឌ្ឍថាមពលស្អាត, ការកែច្នៃផលិតផលកសិកម្មកម្រិតខ្ពស់, និងប្រព័ន្ធភស្តុភារកម្មទំនើប ឱ្យក្លាយជាកម្លាំងចលករថ្មី ក្នុងការ បង្កើនផលិតភាព ពង្រឹងខ្សែច្រវាក់តម្លៃសកល និងជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យមានចីរភាព និងភាពធន់វែងឆ្ងាយ៕ អត្ថបទ៖ សុន រ៉ាឌី


