អឺរ៉ុប៖ តម្លៃឧស្ម័នធម្មជាតិនៅអឺរ៉ុបបានហក់ឡើង បន្ទាប់ពីរំខានទៅដល់ច្រកផ្ទេរដ៏សំខាន់កាត់តាមប្រទេសអ៊ុយក្រែន និងខណៈដែលអាល្លឺម៉ង់បាននិយាយថា រុស្ស៊ីកំពុងប្រើប្រាស់ថាមពលជាអាវុធ ក្នុងការប៉ះទង្គិចគ្នាកាន់តែខ្លាំងឡើងជុំវិញការផ្គត់ផ្គង់ថាមពលនេះ។

កិច្ចសន្យាគោលបានកើនឡើងជាង ២២% ទាក់ទងការនាំចេញពីប្រទេសរុស្ស៊ីតាមរយៈអ៊ុយក្រែន បានធ្លាក់ចុះប្រហែល ៣០% កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីការរំខាននៅចំណុចច្រកចូលឆ្លងព្រំដែនដោយសារតែសង្គ្រាម។ បញ្ហានេះបន្ថែមទៅលើក្តីបារម្ភរបស់ទីផ្សារ ស្របពេលដែលទីក្រុង Moscow បានបញ្ឈប់ការដឹកជញ្ជូនទៅកាន់ក្រុមហ៊ុន Gazprom Germania GmbH និងអង្គភាពនានារបស់ខ្លួនជាការសងសឹក។ កាលពីល្ងាចថ្ងៃពុធទីក្រុង Moscow បានដាក់ទណ្ឌកម្មដល់អតីតក្រុមហ៊ុនបុត្រសម្ព័ន្ធ Gazprom PJSC ដែលឥឡូវនេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់និយតករថាមពលអាល្លឺម៉ង់ រួមមានក្រុមហ៊ុនផ្គត់ផ្គង់ថាមពល Wingas GmbH និងអង្គភាព Gazprom Marketing & Trading Ltd ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍។
វិធានការនេះក៏អាចប៉ះពាល់ដល់ទីផ្សារ LNG ឬឧស្ម័នធម្មជាតិ និងនាំឲ្យមានក្ដីបារម្ភកាន់តែខ្លាំងថែមទៀតអំពីការផ្គត់ផ្គង់ថាមពល។ ទោះយ៉ាងណាក៏ដោយ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចអាល្លឺម៉ង់លោក Robert Habeck បាននិយាយសម្រាលស្ថានការណ៍នៃផលប៉ះពាល់ដោយលើកឡើងថា ការកាត់បន្ថយរបស់រុស្ស៊ីមានចំនួនត្រឹមតែ ៣% នៃការនាំចូលរបស់ប្រទេសនេះ។ លោកបានបន្តថា ប្រទេសនេះកំពុងទទួលបានការនាំចេញពីប្រភពជំនួសផ្សេងៗ ហើយអាចទប់ទល់នឹងការរំខាននេះបាន៕
អត្ថបទ៖ សុខមាន