ប្រណាំងកង់៖ កីឡាករប្រណាំងកង់បារាំង Arnaud Demare បានប្រជែងឈ្នះដំណាក់កាលទី៦ នៃព្រឹត្តិការណ៍ប្រណាំងកង់ Grand Tour, Giro d’Italia ថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ខណៈដែលកីឡាករអេស្ប៉ាញ Juan Pedro Lopez នៅតែបន្តនាំមុខរួមដដែល។

ការប្រកួតដំណាក់កាលទី៦ ម្សិលមិញនេះមានចំងាយផ្លូវ ១៩២គីឡូម៉ែត្រ ខណៈដែលការមកដល់ទីព្រ័ត្ររបស់ Arnaud Demare ត្រូវរង់ចាំពិនិត្យឡើងវិញ ពោលគឺកីឡាករអូស្ត្រាលី Caleb Ewan ក៏មកដល់ទីព្រ័ត្រទន្ទឹមគ្នា។ ក្រោយការពិនិត្យមើលរូបភាពឡើងវិញកីឡាកររបស់ក្រុម FDJ, Arnaud Demare គឺជាអ្នកឈ្នះជាមួយនឹងថេរវេលា ៥ម៉ោង ២នាទី ៣៣វិនាទី ឯ Caleb Ewan បានត្រឹមលេខ២ និងលេខ៣ គឺកីឡាករអង់គ្លេស Mark Cavendish។ យ៉ាងណាក្តីក្រោយ ៦ដំណាក់កាលនេះកីឡាករអេស្ប៉ាញរបស់ Trek-Segafredo, Juan Pedro Lopez នៅតែបន្តនាំមុខរួមដដែលដោយមានវេលាចំណេញ ៣៨វិនាទីលើអ្នកលេខ២ កីឡាករអាល្លឺម៉ង់ Lennard Kemna និងលេខ៣ កីឡាករអេស្តូនី Rein Taaramae។ សំរាប់ដំណាក់កាលទី៧ ថ្ងៃនេះមានចំងាយផ្លូវ ១៩៨គីឡូម៉ែត្រ៕
អត្ថបទ៖នាង សុភាវុធ