សមាគមកីឡាបាល់ទាត់ខេត្តត្បូងឃ្មុំ បានបង្កើតឱកាសឡើងវគ្គបន្ដ ក្រោយយកឈ្នះក្រុមមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រៃវែង ដោយលទ្ធផល ៧-២ ស្របពេលមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពត និងសមាគមកីឡាបាល់ទាត់ខេត្តកែប បានត្រឹមចែកគ្នា ១ពិន្ទុ ក្នុងជំនួបជើងទី២ នៃពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី២០ (ថ្នាក់ខេត្ត) ឆ្នាំ២០២៦/២៧ ។
សម្រាប់ជំនួបជើងទី២ នៅទឹកដីខេត្តត្បូងឃ្មុំ ក្រុមម្ចាស់ផ្ទះ ធ្វើបានយ៉ាងល្អ ដោយបន្ដយកឈ្នះក្រុមភ្ញៀវព្រៃវែង ៧-២ កាលពីល្ងាចថ្ងៃទី៩ ខែកញ្ញា ក្នុងនោះត្រឹមរយៈពេល ៨នាទី ត្បូងឃ្មុំ រកបាន ២គ្រាប់ដោយកីឡាករ Osa Orobosa Okoro នៅនាទីទី៤ និងកីឡាករ នៅ ហ្វាអ៊ីលីន នៅនាទីទី៨ មុនកីឡាករ យេន វិទូ និង សុខនី ពិសិដ្ឋ បង្កកំហុសឲ្យគ្រាប់បាល់ចូលទីខ្លួនឯង(Own Goal) នៅនាទី៣៦ និងនាទី៥២ ។ រីឯ ៣គ្រាប់ទៀត គឺរកបានជាបនន្ដបន្ទាប់ដោយកីឡាករ កើ ហ្វីន នៅនាទី៥៨, កីឡាករ ជា ណាវីន នៅនាទី៨៦ និងកីឡាករ ធី ភារ៉ា នៅនាទី៩០+២។
ជ័យជម្នះនេះ នាំឲ្យក្រុមសមាគមកីឡាបាល់ទាត់ខេត្តត្បូងឃ្មុំ បន្ដឈរកំពូលតារាងពូលD ដោយរកបាន ១០ពិន្ទុ ក្រោយឆ្លងកាត់ ៤ប្រកួតឈ្នះ ៣ និងស្មើ ១ លើខេត្តកំពង់ចាម ដែលឈរលេខ២ រកបាន ៧ពិន្ទុ និងនៅសល់ ២ប្រកួតក្នុងដូចគ្នា គ្រាដែលក្រុមមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រៃវែង បានអស់ឱកាសប្រជែងកៅអីវគ្គបន្ដជាផ្លូវការ ក្រោយរងបរាជ័យ ៤ប្រកួតជាប់គ្នា។
ដោយឡែកខេត្តកំពត និងខេត្តកែប ក៏កាន់តែខើចឱកាសប្រជែងកៅអីវគ្គបន្ដ ក្រោយប្រកួតស្មើគ្នា ១-១ នៅកីឡដ្ឋានខេត្តកែប។ ជំនួបដ៏ជក់ចិត្តកាលពីល្ងាចថ្ងៃពុធនេះ កីឡាករ ឌម ម៉ារីគី បានចំណាយពេលត្រឹម ៧នាទី បានរកគ្រាប់បាល់នាំមុខឲ្យក្រុមម្ចាស់ផ្ទះ ១គ្រាប់មុន ហើយបានអូសបន្លាយដល់នាទី៥៧ ទើបក្រុមភ្ញៀវខេត្តកំពត រកបានគ្រាប់តាមស្មើ តាមរយៈការស៊ុតបាល់ពិន័យ ១១ម៉ែត្ររបស់កីឡាករ ខ្លុន មីតូ ហើយលទ្ធផលនេះ ក៏បានរក្សាដល់ចប់ការប្រកួតពេញម៉ោងតែម្ដង។
ការចែកគ្នា ១ពិន្ទុនេះ បានធ្វើឲ្យក្រុមទាំងពីរ សល់ឱកាសតិចតួច ក្នុងការប្រជែងកៅអីវគ្គបន្ដ ដ្បិតបច្ចុប្បន្ន សមាគមកីឡាបាល់ទាត់ខេត្តកែប បន្ដឈរបាតតារាង មានត្រឹម ៣ពិន្ទុ និងក្រុមមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពត ឈរលេខ៣ មាន ៤ពិន្ទុ តាមពីក្រោយខេត្តព្រះសីហនុ និងខេត្តកោះកុង ដែលមាន ៦ពិន្ទុក្នុងដៃស្មើគ្នា។ ដូច្នេះសល់ ២ប្រកួតចុងក្រោយ ក្រុមនីមួយៗ សុទ្ធតែត្រូវការឈ្នះរៀងៗខ្លួន ដើម្បីមានឱកាសឡើងវគ្គ ៨ក្រុមចុងក្រោយ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-ថ្នាក់ខេត្តឆ្នាំនេះ៕ អត្ថបទ លី ឈុនឡា
