ក្លិប C.D. Eldense ដែលកំពុងប្រកួតប្រជែងក្នុងលីគទី២ របស់អេស្ប៉ាញ បានប្រកាសកាលពីថ្ងៃពុធថា Lionel Messi បានឈានដល់កិច្ចព្រមព្រៀងជាគោលការណ៍ ដើម្បីក្លាយជាម្ចាស់ថ្មីរបស់ក្លិប។
តារាបាល់ទាត់អាហ្សង់ទីនវ័យ ៣៩ឆ្នាំ កំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយនៃការចរចាទិញ ភាគហ៊ុន ១០០% ដែលកាន់កាប់ដោយក្រុមហ៊ុនវិនិយោគរបស់កូឡុំប៊ី TH Soluciones Group S.A.S. ដែលជាម្ចាស់ភាគហ៊ុនធំរបស់ Eldense បច្ចុប្បន្ន។
ប្រសិនបើកិច្ចព្រមព្រៀងនេះសម្រេច Messi នឹងក្លាយជាម្ចាស់ក្លិបបាល់ទាត់ទី២របស់ខ្លួននៅប្រទេសអេស្ប៉ាញ។ កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ Messi បានបោះទុនវិនិយោគក្លិបបាល់ទាត់ UE Cornellà ដែលកំពុងលេងនៅកម្រិតលីគទី៥របស់អេស្ប៉ាញ។
លើសពីនេះ Messi ក៏ត្រូវបានរំពឹងថានឹងទទួលបានភាគហ៊ុនមួយផ្នែកនៅក្នុងក្លិប Inter Miami បន្ទាប់ពីកិច្ចសន្យាជាកីឡាកររបស់គេជាមួយក្លិបអាមេរិកនេះផុតកំណត់។
តាមការរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយអេស្ប៉ាញ កិច្ចព្រមព្រៀងទិញ Eldense អាចនឹងត្រូវសម្រេចក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ។ ទោះជាយ៉ាងណា Eldense បានបញ្ជាក់ថា ការទិញលក់នៅតែត្រូវបំពេញនីតិវិធីច្បាប់ និងកិច្ចសន្យាចុងក្រោយ រួមទាំងដំណើរការត្រួតពិនិត្យហិរញ្ញវត្ថុ និងការអនុម័តជាកាតព្វកិច្ចពី ក្រុមប្រឹក្សាជាន់ខ្ពស់កីឡាអេស្ប៉ាញ (CSD) ជាមុនសិន។
បច្ចុប្បន្ន Eldense កំពុងឈរនៅ ចំណាត់ថ្នាក់ទី២០ ក្នុងតារាង Segunda Division។ ក្លិបនេះត្រូវបាន TH Soluciones Group ទិញកាន់កាប់កាលពីខែតុលា ឆ្នាំ២០២៥ ហើយបានឡើងមកលេងនៅលីគទី២ បន្ទាប់ពីចំណាយពេលជាច្រើនឆ្នាំប្រកួតប្រជែងនៅលីគតាមតំបន់របស់អេស្ប៉ាញ៕ អត្ថបទ៖នាង សុភាវុធ



