ស៊ូដង់៖ បាតុកររាប់រយនាក់បានប្រមូលផ្តុំគ្នានៅរដ្ឋធានី Khartoum ប្រទេសស៊ូដង់កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីសុំឱ្យយោធាត្រឡប់ទៅបន្ទាយរបស់ពួកគេវិញ និងអនុញ្ញាតឱ្យមានការបង្កើតរដ្ឋស៊ីវិល។ ក្រុមបាតុករបានធ្វើដំណើរឆ្ពោះទៅកាន់វិមានប្រធានាធិបតី ដោយឆ្លើយតបទៅនឹងការអំពាវនាវរបស់ក្រុមអ្នកតស៊ូជាច្រើន។

បាតុកម្មថ្មីបំផុតនេះគឺជាបាតុកម្មមួយផ្សេងទៀតនៅក្នុងការតវ៉ាជាយូរមកហើយ បន្ទាប់ពីរដ្ឋប្រហារយោធាកាលពីខែតុលា ដែលបានបង្អាក់ដំណើរផ្លាស់ប្តូររបស់ប្រទេស ទៅកាន់គ្រប់គ្រងតាមបែបលទ្ធិប្រជាធិបតេយ្យ។ វីដេអូឃ្លីបពីការតវ៉ាកាលពីថ្ងៃព្រហស្បតិ៍បានបង្ហាញថា នគរបាលបង្ក្រាបកុប្បកម្មបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកទៅលើក្រុមបាតុករ ខណៈដែលការប្រឈមមុខដាក់គ្នាបានកើតឡើងរវាងសន្តិសុខ និងក្រុមអ្នកតវ៉ានៅក្នុងតំបន់មួយចំនួន។ ប្រទេសស៊ូដង់បានជាប់គាំងផ្នែកនយោបាយចាប់តាំងពីរដ្ឋប្រហារមក ដោយមានការតវ៉ាតាមដងផ្លូវជារៀងរាល់ថ្ងៃ។

នាពេលកន្លងមក ទាំងគ្រាប់កាំភ្លើងពិត និងឧស្ម័នបង្ហូរទឹកភ្នែកត្រូវបានប្រើទៅលើហ្វូងមនុស្ស ហើយបណ្តាញអ៊ីនធឺណិត និងសេវាទូរសព្ទរបស់ប្រទេសត្រូវបានបិទ ដែលជាកិច្ចខិតខំប្រឹងប្រែងដើម្បីរារាំងអ្នកតវ៉ាមិនឲ្យប្រមូលផ្តុំ។ ប្រទេសអាហ្វ្រិកមួយនេះបានដើរលើផ្លូវដ៏ផុយស្រួយទៅរកលទ្ធិប្រជាធិបតេយ្យ ចាប់តាំងពីការបះបោរខ្លាំងមួយបានបង្ខំឱ្យយោធាបណ្តេញចេញអតីតបុរសខ្លាំងលោក Omar al-Bashir និងរដ្ឋាភិបាលអ៊ីស្លាមនិយមរបស់លោកកាលពីខែមេសា ឆ្នាំ២០១៩៕
អត្ថបទ៖ ប៊ុនថន