ពោធិ៍សាត់ ៖ បច្ចុប្បន្ននៅកម្ពុជាមានជំងឺគ្រុនចាញ់ចំនួន៤ប្រភេទ ដោយ២ប្រភេទមានគ្រោះថ្នាក់ជាងគេនៅកម្ពុជាលែងមានករណីស្លាប់ដោយសារជំងឺគ្រុនចាញ់តាំងពីឆ្នាំ២០១៨ ហើយកំពុងឆ្ពោះទៅលុបបំបាត់ជំងឺគ្រុនចាញ់ចោលទាំងស្រុងត្រឹមឆ្នាំ២០២៥ នៅទូទាំងប្រទេសមានខេត្តចំនួន២១ដែលប្រឈមនិងជំងឺគ្រុនចាញ់ ភាគច្រើនជាខេត្តដែលមានព្រៃភ្នំ និងខេត្តនៅជាប់ព្រំដែន ចំណែកនៅខេត្តពោធិ៍សាត់គឺនៅសល់តែស្រុកភ្នំក្រវាញ ដែលនៅមានករណីជំងឺគ្រុនចាញ់ច្រើនជាងគេក្នុងចំណោមក្រុងស្រុកទាំង៧ ។ នេះជាការលើកឡើងរបស់ លោក វេជ្ជបណ្ឌិត ហ៊ុយ រ៉ាកុល ប្រធានមជ្ឍមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ (ម.គ.ច) ក្នុងកិច្ចប្រជុំប្រចាំត្រីមាសរបស់ក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ខេត្តពោធិ៍សាត់ នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ នៅមន្ទីរសុខាភិបាលខេត្តពោធិ៍សាត់ ។
លោក វេជ្ជបណ្ឌិត ខូយ ឌី ប្រធានមន្ទីរសុខាភិបាលខេត្តពោធិ៍សាត់បាន អោយដឹងថាក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ខេត្តពោធិ៍សាត់ បានខិតខំបំពេញកិច្ចការងារជាច្រើនតាមផែនការ យុទ្ធសាស្ត្រជាតិ រហូតធ្វើអោយករណីជំងឺគ្រុនចាញ់ក្នុងខេត្តពោធិ៍សាត់ មានការថយចុះគួរអោយកត់សំគាល់ ដោយនៅឆ្នាំ២០២០ មានចំនួន១៣៥២ករណី ហើយនៅឆ្នាំ២០២១ មានចំនួន៥៥៧ករណី មានការថយចុះ៥៩% ចំណែកក្នុងរយះពេល៤ខែ ដើមឆ្នាំ២០២២មានចំនួន ១៧ករណី ។
លោក វេជ្ជបណ្ឌិត ហ៊ុយ រ៉ាកុល បានថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ដែលបានផ្តួចផ្តើមនូវគំនិតលុបបំបាត់ជំងឺគ្រុនចាញ់ ដោយរៀបចំចងក្រងផែនការយុទ្ធសាស្ត្រជាតិលុបបំបាត់ជំងឺគ្រុនចាញ់ឆ្នាំ២០១១-២០២៥ ធ្វើអោយករណីជំងឺគ្រុនចាញ់នៅកម្ពុជាមានការធ្លាក់ចុះជាបន្តបន្ទាប់ និងកំពុងឆ្ពោះទៅលុបបំបាត់ចោលទាំងស្រុង ។
ក្នុងនោះ លោក វេជ្ជបណ្ឌិត ក៏សំណូមពរអោយប្រជាពលរដ្ឋត្រូវយកចិត្តតុកដាក់ការពារកុំអោយឆ្លងជំងឺគ្រុនចាញ់ និងស្តាប់ការណែនាំរបស់មន្ត្រីសុខាភិបាល ជាពិសេសចូលរួមប្រើប្រាស់ មុងជ្រលក់ថ្នាំដែល ដែលក្រសួងសុខាភិបាលផ្តល់អោយ ។
លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត ក្នុងនាមរដ្ឋបាលខេត្ត ក៏បានណែនាំអោយរដ្ឋបាលស្រុកភ្នំក្រវាញ ដែលមានករណីជំងឺគ្រុនចាញ់ច្រើនជាងគេក្នុងខេត្តពោធិ៍សាត់ ត្រូវបន្តយកចិត្តទុកដាក់សហការគ្រប់បែបយ៉ាងជាមួយក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ទាំងថ្នាក់ក្រសួង និងថ្នាក់ខេត្តរួមនិងដៃគូរពាក់ព័ន្ធនានា ហើយត្រូវបន្តជួយផ្សព្វផ្សាយ ពីផលប៉ះពាល់ និងវិធានការ ការពារកុំអោយកើតជំងឺគ្រុនចាញ់ដល់ប្រជាពលរដ្ឋ ធ្វើយ៉ាងណាអោយខេត្តពោធិ៍សាត់ទទួលបានជោគជ័យក្នុងការលុបបំបាត់ជំងឺគ្រុនចាញ់ទាំងស្រុង ស្របតាមផែនការយុទ្ធសាស្ត្រជាតិ ៕អត្ថបទ ៖ ពៅ ភារុន







