ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ កំពុងរៀបចំសេចក្តីព្រាងច្បាប់ស្តីពីសារពើពន្ធថ្មី ក្នុងគោលដៅឱ្យច្បាប់ស្តីពីសារពើពន្ធថ្មីនេះ កាន់តែមានភាពគ្រប់ជ្រុងជ្រោយ ស៊ីចង្វាក់ប្រទាក់ក្រឡាគ្នា ឆ្លើយតបនឹងស្ថានភាពជាក់ស្តែងនៃសេដ្ឋកិច្ចជាតិតំបន់ និងពិភពលោក នឹងដើម្បីឱ្យមានសង្គតិភាពជាមួយ នឹងច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ លើកឡើងក្នុងកិច្ចពិភាក្សាការងារជាមួយ លោកឧកញ៉ា គង់ សាង ប្រធានសមាគមរោងចក្រកាត់ដេរ (GMAC) តាមប្រពន្ធអនឡាញនៅ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២នេះថា អគ្គនាយកដ្ឋានពន្ធដារ ជាសេនាធិការរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានកំពុងរៀបចំសេចក្តីព្រាងច្បាប់ស្តីពីសារពើពន្ធថ្មី ក្នុងគោលដៅឱ្យច្បាប់ស្តីពីសារពើពន្ធថ្មីនេះ កាន់តែមានភាពគ្រប់ជ្រុងជ្រោយ ស៊ីចង្វាក់ប្រទាក់ក្រឡាគ្នា ឆ្លើយតបនឹងស្ថានភាពជាក់ស្តែងនៃសេដ្ឋកិច្ចជាតិតំបន់ និងពិភពលោក ក៏ដូចជាប្រមូលផ្ដុំនូវច្បាប់ស្តីពីសារពើពន្ធ ដែលកន្លងមកមានលក្ខណៈដាច់ដោយឡែកៗពីគ្នា ហើយសេចក្តីព្រាងថ្មីនេះ គឺដើម្បីឱ្យមានសង្គតិភាពជាមួយ នឹងច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ឱ្យប្រើប្រាស់ដោយនាពេលកន្លងមក។
ចំពោះការអនុវត្តការងារ, អគ្គនាយកដ្ឋានពន្ធដារនៅតែបន្តប្រកាន់ខ្ជាប់ នូវគោលជំហរផ្តល់សេវាជូនអ្នកជាប់ពន្ធប្រកបដោយគុណភាពខ្ពស់ ក្នុងនោះពង្រឹងការអនុវត្តតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងតាមអនឡាញរួមមាន ប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសពន្ធតាមអនឡាញ (E-Filing និង Tol E-Filing), បង់ប្រាក់ពន្ធតាមអនឡាញ (E-Payment System) ដែលមានលក្ខណៈពេញលេញ ជួយសម្រួល និងផ្តល់លទ្ធភាពឱ្យអ្នកជាប់ពន្ធដាក់លិខិតប្រកាសតាមអនឡាញបានយ៉ាងរលូន និងចំណេញពេលវេលាជាដើម។
ចំណែកសំណើរបស់សមាគម GMAC ពាក់ព័ន្ធនឹងការបង្វិលសងអាករលើតម្លៃបន្ថែម, ឯកឧត្តម បញ្ជាក់ជូនថា ចាប់តាំងពីអគ្គនាយកដ្ឋានពន្ធដារបានរៀបចំប្រព័ន្ធ E-VAT ដែលបច្ចុប្បន្នជាប្រព័ន្ធប្រកាសពន្ធតាមប្រព័ន្ធអនឡាញ E-Filing អគ្គនាយកដ្ឋានពន្ធដារបានកំពុងពង្រឹងការធ្វើ Cross Check ព្រមទាំងជំរុញនិងអនុវត្តកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត នូវការបង្វិលសងអាករលើតម្លៃបន្ថែមសម្រាប់រយៈពេល ២ ឆ្នាំចុងក្រោយនេះ ស្របតាមខ្លឹមសារនៃប្រកាសចុះនៅឆ្នាំ២០១៨ ស្តីពីយន្តការបង្វិលសងអាករលើតម្លៃបន្ថែម។
ក្នុងកិច្ចពិភាក្សានេះ, លោកឧកញ៉ា គង់ សាង បានទទួលស្គាល់អំពីចំណុចឆកល្វែង និងកង្វះខាត របស់សហគ្រាស រោងចក្រជាសមាជិកសមាគម GMAC ហើយបានគាំទ្រ និងឯកភាព នូវដំណោះស្រាយរបស់អគ្គនាយកដ្ឋានពន្ធដារ ចំពោះការបង្វិលសងអាករលើតម្លៃបន្ថែម នៃរយៈពេលមិនលើសពី ១២ឆ្នាំថយក្រោយ ហើយជំរុញឱ្យសមាជិកទាំងអស់ សហការការងារនេះជាមួយអគ្គនាយកដ្ឋានពន្ធដារឡើងវិញ។
ក្នុងជំនួបនេះដែរ,លោកឧកញ៉ា គង់ សាង បានបង្ហាញអំពីតួរលេខ របស់សហគ្រាស រោងចក្រ ជាសមាជិកសរុបចំនួន ៦១៧ ក្នុងនោះមានរោងចក្រកាត់ដេរសំលៀកបំពាក់ចំនួន ៤៦៣, រោងចក្រស្បែកជើងចំនួន ១២, រោងចក្រកាបូបចំនួន ៩១, ក្រុមហ៊ុនម៉ៅការបន្តចំនួន ០៦, រោងចក្រផលិតផលិតផលមិនមែនកាត់ដេរចំនួន ៣០ និងក្រុមហ៊ុនផ្សេងៗចំនួន ១៥ ដែលកំពុងមានសកម្មភាពអាជីវកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា ៕ អត្ថបទ៖ សុន រ៉ាឌី


