តបតាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម មីន អោង ឡាំង (Min Aung Hlaing) ប្រធានាធិបតី នៃសហភាពសហព័ន្ធមីយ៉ាន់ម៉ា បានអញ្ជើញមកដល់កម្ពុជាហើយនៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦នេះ ដើម្បី បំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅកម្ពុជារយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី១១ ដល់ទី១២ ខែកញ្ញា ឆ្នាំ២០២៦នេះ។
ក្នុងឱកាសអញ្ជើញដល់កម្ពុជា ឯកឧត្តម មីន អោង ឡាំង (Min Aung Hlaing) ប្រធានាធិបតី នៃសហភាពសហព័ន្ធមីយ៉ាន់ម៉ា ទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅដោយមន្រ្ដីជាន់ខ្ពស់កម្ពុជា និងប្រជាពលរដ្ឋ សិស្សានុសិស្សកម្ពុជា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ និងអមសងខាងផ្លូវសាធារណៈ។
ក្នុងដំណើទស្សនកិច្ចថ្ងៃដំបូងនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលបដិសណ្ឋារកិច្ចផ្លូវរដ្ឋ ឯកឧត្តម មីន អោងឡាំង ប្រធានាធិបតីមីយ៉ាន់ម៉ា នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាកម្ពុជា។
បន្ទាប់ពីការទទួលបដិណ្ឋារកិច្ចសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងឯកឧត្តម មីន អោងឡាំង ក៏មានជំនួបកំពូលជាមួយគ្នាផងដែរ។
រហូតដល់រសៀលថ្ងៃនេះដែរ ឯកឧត្តម មីន អោងឡាំង ប្រធានាធិបតីមីយ៉ាន់ម៉ាក៏មានជំនួបពិភាក្សាទ្វេភាគីជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។
ក្នុងជំនួបនេះថ្នាក់ដឹកនាំនៃប្រទេសទាំងពីរពិភាក្សាអំពីការពង្រឹងទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធ និងពង្រីកកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញ ទៅមកព្រមទាំងផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិនានាដែលជាការយកចិត្តទុកដាក់រួម។
ឯកឧត្តមប្រធានាធិបតីមីយ៉ាន់ម៉ា ក៏អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងនៅមណ្ឌបព្រះបរមរូប ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ “ព្រះបរម រតនកោដ្ឋ» អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
ទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម មីន អោង ឡាំង បញ្ជាក់អំពីគោលបំណងរួមក្នុងការពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពដ៏កក់ក្តៅ រវាងប្រទេស និងប្រជាជនទាំងពីរ៕












