ភ្នំពេញ៖ ដើម្បីទ្រទ្រង់ដល់ដំណើរការរបស់មន្ទីរពេទ្យ គន្ធបុប្ផា ធនាគារអភិវឌ្ឍន៍ជនបទ និង កសិកម្ម បានចុះអនុស្សារណៈយោគយល់គ្នាជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីកៀរគរ និងទទួលវិភាគទានពីសប្បុរសជនពីគ្រប់ទិសទីតាមរយៈការប្រើប្រាស់សេវាកម្មរបស់ធនាគារ។
នៅថ្ងៃទី១៣ខែឧសភា ឆ្នាំ២០២២ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ធ.អ.ជ.ក.) និងមូលនិធិគន្ធបុប្ផាកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ស្តីពីការប្រើប្រាស់សេវាកម្មរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សម្រាប់កៀរគរ និងទទួលវិភាគទានសប្បុរសធម៌ជូនមូលនិធិគន្ធបុប្ផាកម្ពុជា។
ការចុះអនុស្សរណៈយោគយល់គ្នានេះ មានគោលបំណងចូលរួម ទ្រទ្រង់ផ្នែកហិរញ្ញវត្ថុសម្រាប់និរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា តាមរយៈការប្រើប្រាស់សេវាធនាគារឌីជីថល របស់ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម។
ឯកឧត្តម កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម មានប្រសាសន៍ថា ការប្រើប្រាស់សេវាកម្ម ធនាគារក្នុងការប្រមូល វិភាគទានសប្បុរសធម៌ ពីសាធារណជន នឹងផ្ដល់លក្ខណៈងាយស្រួលដល់សាធារណជន ក្នុងការចូលរួមបរិច្ចាគវិភាគទាន ជូនមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីធានានិរន្តរភាពសេវាកម្មរបស់មន្ទីរពេទ្យ ក្នុងការលើកកម្ពស់សុខុមាលភាពដល់មាតា ទារក និងកុមារ ដែលជា មូលដ្ឋានគ្រឹះ សំខាន់ក្នុងការកសាង កម្លាំងពលកម្មប្រកបដោយចីរភាពស្របតាមចក្ខុវិស័យរបស់រដ្ឋាភិបាល។
ជាមួយគ្នានោះដែរឯកឧត្តម ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា បានបញ្ជាក់ដែរថា ការចុះអនុស្សរណៈនៅថ្ងៃនេះ ជាសក្ខីភាពដែលបង្ហាញអំពីការចូលរួមរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ក្នុងការ គាំទ្រ និងផ្តល់កិច្ចសហការជាមួយមូលនិធិគន្ធបុប្ផាកម្ពុជាសំដៅចូលរួម ចំណែកជួយសង្រ្គោះជីវិតកុមារកម្ពុជា។
ព្រមជាមួយគ្នានេះ ថ្នាក់ដឹកនាំនិងបុគ្គលិកនៃធនាគារ ARDB បានស្ម័គ្រចិត្តចូលរួមបរិច្ចាគវិភាគទានប្រចាំខែចាប់ពីថ្ងៃចុះអនុស្សរណៈនេះតទៅ។
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មបានប្រគល់ថវិកាចំនួន ២៥.០៥២.០០០ រៀល ដែលបានទទួលការបរិច្ចាគថវិកាពីឯកឧត្តមបណ្ឌិត កៅ ថាច និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា។
សាធារណជនដែលមានបំណងចូលរួមបរិច្ចាគវិភាគទានជូនមូលនិធិគន្ធបុប្ផាកម្ពុជា សូមផ្ទេរ ឬដាក់ប្រាក់ចូលគណនីមូលនិធិគន្ធបុប្ផាកម្ពុជា ដែលមានឈ្មោះ និងលេខគណនី នៅធនាគារ ARDB ដូចខាងក្រោម ឈ្មោះគណនី៖ Cambodia Kantha Bopha Foundation លេខគណនីជាប្រាក់រៀល៖ ១០២០០០០៣៧០លេខគណនីជាប្រាក់ដុល្លារអាមេរិក៖ ២០២០០០២៩៣១៕ អត្ថបទ៖ សូដាវណ្ណ




