បាល់ទាត់៖ អតីតខ្សែបំរើ Liverpool លោក Xabi Alonso ត្រូវបានគេដឹងថា ខិតជិតក្លាយជាអ្នកចាត់ការថ្មីនៃក្លិបអាល្លឺម៉ង់ Borussia Monchengladbach។ បើតាមការចុះផ្សាយរបស់កាសែត The Bild ឲ្យដឹងថា Alonso នឹងចូលមកកាន់តំណែងជំនួសលោក Marco Rose នៅរដូវក្តៅខាងមុខ នៅពេលកិច្ចសន្យាដឹកនាំនៅអេស្ប៉ាញ ជាមួយក្រុមបម្រុង Real Sociedad B ផុតកំណត់។
កាលពីខែកុម្ភៈកន្លងទៅក្លិបនៅ Bundesliga, Monchengladbach បានប្រកាសពីការចាកចេញរបស់លោក Marco Rose នៅដំណាច់រដូវកាលនេះដើម្បីទៅដឹកនាំ Borussia Dortmund។ រំលឹកថា Xabi Alonso ធ្លាប់បានចំណាយពេល ៣ឆ្នាំជាកីឡាករជាមួយ Bayern Munich នៅចន្លោះឆ្នាំ២០១៤-២០១៧ ដោយឈ្នះជើងឯក Bundesliga ៣លើកនៅទីនោះ និង German Cup ១លើកមុនពេលចូលនិវត្តន៍។ បុរសវ័យ ៣៩ឆ្នាំរូបនេះក៏ធ្លាប់ចំណាយពេលជាច្រើនជាមួយ Liverpool និង Real Madrid ផងដែរ។ ក្រោយពីចូលនិវត្តន៍ Xabi Alonso ក៏ឈានជើងមកអាជីពជាគ្រូបង្វឹក ដោយចាប់ផ្ដើមដឹកនាំក្រុមយុវជន Real Madrid នៅឆ្នាំ២០១៨ មុនពេលផ្លាស់មកដឹកនាំក្រុម Real Sociedad B នៅឆ្នាំបន្ទាប់៕
អត្ថបទ៖នាង សុភាវុធ