ក្រុមការពារតំណែងជើងឯក ព្រះខ័នរាជស្វាយរៀង, វិសាខា, ISI ដង្កោសែនជ័យ និងហ្គាវើលដ៏ បានរក្សាភាពខ្លាំងរៀងៗខ្លួន គិតត្រឹមសប្ដាហ៍ទី២ នៃលីគកំពូលកម្ពុជា ឆ្នាំ២០២៦/២៧ ដោយមិនទាន់ស្គាល់ចាញ់ ស្របពេលក្រុមខ្លាំងភ្នំពេញក្រោន និងអង្គរថាយហ្គឺរ បានបន្ដស្មើ ២ប្រកួតជាប់គ្នា ក្រោយជំនួបជក់ចិត្តលើទឹកដីអង្គរ កាលពីចុងសប្ដាហ៍កន្លងទៅ។

សម្រាប់ព្រះខ័នរាជស្វាយរៀង បានបន្ដយកឈ្នះក្រុមភ្ញៀវកងយោធពលខេមរភូមិន្ទ ៤-០ ក្នុងជំនួបសម្ពោធកីឡដ្ឋានស្វាយរៀង របស់ខ្លួន ។ ៤គ្រាប់ ដែលជួយឲ្យក្រុមជើងឯកឆ្នាំចាស់ ទទួលបាន ៣ពិន្ទុបន្ថែមនេះ រកបានដោយកីឡាករ សៀង ចន្ធា តាំងពី ៩វិនាទីដំបូង មុន Peprah Kwame រកបាន ២គ្រាប់ នៅនាទី៣៥ និងនាទី៦៦ ខណៈ ១គ្រាប់ទៀត រកបានដោយកីឡាករចំណូលថ្មី Martins Junior នៅនាទី៥០។

រីឯក្រុមវិសាខា បានរក្សាតំណែងកំពូលតារាង ដោយមាន ៦ពិន្ទុស្មើព្រះខ័នរាជស្វាយរៀង ក្រោយបន្ដយកឈ្នះក្រុម អឹមអូអាយ កំពង់ដេវ៉ា ដោយលទ្ធផល ២-០ នៅកីឡដ្ឋានស្មាត។ ជំនួបដ៏តានតឹងនេះ កីឡាករ Donovan Ewolo បានរកគ្រាប់នាំមុខតាំងពីនាទីទី១០ ហើយបានអូសដល់នាទី៧០ ទើបកីឡាករ Andres Nieto រកបានគ្រាប់ទី២ បន្ទាប់ពីសមាជិកក្រុម អឹមអូអាយ កំពង់ដេវ៉ា សាន គឹមហេង រងពិន័យកាតក្រហម បន្ទាប់ពីប្ដូរចូលមិនទាន់បាន ១នាទី នៅនាទី៦២។

ក្រៅពីក្រុមដែលឈ្នះ ២ប្រកួតជាប់នេះ ក្រឡេកទៅក្រុម ISI ដង្កោសែនជ័យ ក៏មិនធម្មតា ក្រោយយកឈ្នះក្រុមភ្ញៀវគិរីវង់សុខសែនជ័យ រហូតដល់ ៦-០។ ការរកបាន ៣ពិន្ទុដំបូង ក្រោយបើកឆាកប្រកួតស្មើបឹងកេត ៣-៣ នេះ បានធ្វើឲ្យពួកគេ ឈរលេខ៣ និងមាន ៤ពិន្ទុបណ្ដោះអាសន្ន ស្មើក្រុមណាហ្គាវើលដ៏ ដែលរកបានជ័យជម្នះលើកដំបូងដូចគ្នា បន្ទាប់ពីបើកឆាកប្រកួតស្មើក្រុមម្ចាស់ផ្ទះភ្នំពេញក្រោន ២-២ ។ ៣ពិន្ទុដំបូង ដែលក្រុមណាហ្គាវើលដ៏ រកបានដោយលំបាក តាមរយៈជ័យជម្នះដ៏តានតឹងលើក្រុមភ្ញៀវឡាយហ្វខេត្តព្រះសីហនុ ១-០ កាលពីរាត្រីថ្ងៃអាទិត្យកន្លងទៅ ដ្បិតក្រុមសល់គ្នាត្រឹម ៩នាក់ ក្រោយសមាជិក ២រូប គឺកីឡាករ Bernardo និងអ្នកចាំទី រ៉េត លីហេង បានរងពិន័យកាមក្រហម នៅវគ្គទី២។

ដោយឡែកក្រុមភ្នំពេញក្រោន និងអង្គរថាយហ្គឺរវិញ រកបានត្រឹម ១ពិន្ទុបន្ថែម បន្ទាប់ពីក្រុមទាំងពីរ ប្រកួតស្មើគ្នា ២-២ នៅកីឡដ្ឋានអាគីហ៊ីរ៉ូ កាតុ ក្រោយប្រកួតបើកឆាកសុទ្ធតែស្មើរៀងៗខ្លួន។ ជំនួបដ៏តានតឹងនេះ កីឡាករ Dyer Moses បានស៊ុតបាល់ពិន័យ ១១ម៉ែទ្រឲ្យក្រុមភ្នំពេញក្រោន នាំមុខ ១គ្រាប់មុន នៅវគ្គទី១ តែចូលវគ្គទី២ កីឡាករ Aguek Manyluak រកបាន ២គ្រាប់ឲ្យអង្គរថាយហ្គឺរ បើកការនាំមុខវិញ នៅនាទី៥២ និងនាទី៦២ មុនកីឡាករ Feher Raul រកបានគ្រាប់តាមស្មើនៅចុងម៉ោង ដែលនាំឲ្យក្រុមទាំងពីរ ឈរលេខ៥ និងលេខ៦ ដោយរកបាន ២ពិន្ទុស្មើគ្នា លើក្រុមបឹងកេត និង អឹមអូអាយ កំពង់ដេវ៉ា ដែលទើបមាន ១ពិន្ទុក្នុងដៃ ។ រីឯ ៣ក្រុមទៀត នៅមិនទាន់រកបានពិន្ទុឡើយ គឺមានក្រុមឡាយហ្វខេត្តព្រះសីហនុ, កងយោធពលខេមរភូមិន្ទ និងគិរីវង់សុខសែនជ័យ៕ អត្ថបទ លី ឈុនឡា






