ប្រមុខការទូតកម្ពុជា៖ កម្ពុជាជ្រើសរើសយកជម្រើសយន្តការ UNCLOS ដើម្បី​ស្វែង​រក​ផ្លូវ​សន្តិភាព​ទៅ​មុខ ស្របតាមច្បាប់អន្តរជាតិ

2026/09/15 09:32:43 am        115

ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ​អន្តរជាតិ និងជាភ្នាក់ងារតំណាងព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំលើកទី១ នៃ​គណៈកម្មការ​ផ្សះផ្សា (កិច្ចប្រជុំរួមបើកចំហ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នៅប្រទេសសិង្ហបុរី) បាន​ថ្លែង​បញ្ជាក់​ថា កម្ពុជាបានជ្រើសរើសយកជម្រើសយន្តការផ្សះផ្សា ក្រោមអនុសញ្ញា UNCLOSនេះ គឺ​ដើម្បីស្វែងរកផ្លូវសន្តិភាពទៅមុខស្របតាមច្បាប់ អន្តរជាតិ។ កម្ពុជា​មើល​ឃើញ​ដំណើរ​ការ​ផ្សះ​ផ្សា​នេះ​ថា ជាមធ្យោបាយមួយសម្រាប់ស្តារទំនុកចិត្តឡើងវិញ ហើយពុំមែន​ជា​ទម្រង់​នៃ​ការ​បង្កើន​ភាព​តាន​តឹង​នោះឡើយ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានរំឭកឡើងថា កម្ពុជា បាន​ចាប់​ផ្តើម​កសាង​ប្រទេស​ឡើង​វិញ​យ៉ាងសកម្ម បន្ទាប់ពីកិច្ចព្រមព្រៀងសន្តិភាពទី ក្រុងប៉ារីសឆ្នាំ១៩៩១ និង​ដំណើរ​ការ​ស្វែង​រក​សន្តិភាពដែលគាំទ្រដោយអង្គការសហប្រជាជាតិ។ ក្នុងនាមជាប្រទេស​ដែល​មាន​ការ​អភិវឌ្ឍ​តិច​តួចបំផុតមួយលើលោក កម្ពុជាដែលទើបតែងើបចេញពីជម្លោះ និងភាព​ឯកោ​អស់​ពេល​ជា​ច្រើនទ​សវត្សរ៍ ត្រូវប្រឈមមុខនឹងភារកិច្ចដ៏ធំធេងក្នុងការកសាងឡើង វិញនូវសេដ្ឋកិច្ច ស្ថាប័ន និងសង្គមជាតិ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងថាក្នុងន័យនេះពុំមានប្រទេសច្រើនអាចយល់ស៊ីជម្រៅជាងកម្ពុជាអំពីតម្លៃនៃសន្តិភាព និងផលប៉ះពាល់ដ៏ធ្ងន់ធ្ងរទាំងផ្នែកមនុស្សធម៌ និងសេដ្ឋកិច្ចដែលបណ្តាលមកពីជម្លោះ គឺស្ថិតក្នុងបរិបទ ប្រវត្តិសាស្ត្រនេះហើយកម្ពុជាបានប្តេជ្ញាចិត្តដោះស្រាយបញ្ហាព្រំដែនសមុទ្រដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានរំឭកថា ចាប់តាំងពីពាក់កណ្តាលទសវត្សរ៍១៩៩០ កម្ពុជាបានព្យាយាមដោះស្រាយបញ្ហាព្រំដែន សមុទ្រជាមួយថៃ ដើម្បីទទួលបានសិទ្ធិប្រើប្រាស់ធនធានចាំបាច់ សម្រាប់ជំរុញកំណើនឧស្សាហកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ច ដូចប្រទេសជិតខាងកម្ពុជាដែលបានទទួលផលប្រយោជន៍នេះអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។ ដើម្បីសម្រេចបាននូវគោលបំណងនេះ កម្ពុជានិងថៃបានចាប់ផ្តើមការពិភាក្សាគ្នាអំពីព្រំដែនសមុទ្រនៃប្រទេសទាំងពីរ ក្នុងខែមេសា ឆ្នាំ១៩៩៥។

មកដល់ឆ្នាំ២០០១ រដ្ឋទាំងពីរបានឯកភាពលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីតំបន់ទាមទារដែនសមុទ្រត្រួតគ្នានៃខ្ពង់រាបបាតសមុទ្រ។ អនុស្សរណៈនេះបានឆ្លុះបញ្ចាំងអំពីការ ប្តេជ្ញាចិត្តរួមគ្នាក្នុងការសម្រេចឱ្យបាននូវកិច្ចព្រមព្រៀងពាក់ព័ន្ធនឹងព្រំដែនសមុទ្រ និងការអភិវឌ្ឍធនធានដើម្បីផលប្រយោជន៍ទៅវិញទៅមក។

ទោះបីជាមានការខិតខំចរចារកដំណោះស្រាយក៏ដោយក៏ភាគីទាំងពីរនៅតែមិនអាចឈានដល់កិច្ចព្រមព្រៀងណាមួយលើបញ្ហាព្រំដែនសមុទ្រ ឬសន្ធិសញ្ញាអភិវឌ្ឍន៍រួមហើយធនធានក្រោមសមុទ្រ ក្នុងតំបន់ដែលមិនទាន់កំណត់ព្រំដែន ក៏នៅតែមិនទាន់ត្រូវបានរុករក។ ខណៈដែលពិភពលោកកំពុង តែប្រឈមនឹងបញ្ហារាំងស្ទះក្នុងការផ្គត់ផ្គង់ថាមពលដ៏ធ្ងន់ធ្ងរបំផុតក្នុងប្រវត្តិសាស្ត្រ តំបន់យើងនឹងទទួលបានផលប្រយោជន៍ច្រើនជាងពេលណាៗទាំងអស់ ពីការអភិវឌ្ឍធនធានក្រោមសមុទ្រនេះ។

នៅថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២៦ ប្រទេសថៃបានប្រកាសជាសាធារណៈអំពីការលុបចោល ដោយឯកតោភាគីនូវអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ បើទោះបីជាមានការអំពាវនាវជាបន្តបន្ទាប់ពីសំណាក់ប្រទេសកម្ពុជាសុំឱ្យថៃគោរពអនុស្សរណៈនេះក៏ដោយ។ ស្ថិតនៅក្នុងស្ថានការណ៍នេះរាជរដ្ឋាភិបាលកម្ពុជាបានពិចារណាដោយហ្មត់ចត់លើគ្រប់ ជម្រើសនៃដំណោះស្រាយដោយសន្តិវិធី ដែលខ្លួនមានស្របតាមច្បាប់អន្តរជាតិ។ ឈរលើមូលដ្ឋាននៃការប្តេជ្ញាចិត្តគោរពគោលការណ៍នីតិរដ្ឋ និងការដោះស្រាយវិវាទដោយសន្តិវិធី កម្ពុជាបានសម្រេចយក ជម្រើសផ្តួចផ្តើមនីតិវិធីផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ថា នៅពេលកម្ពុជាចាប់ផ្តើមដំណើរការនីតិវិធីនេះ នាយករដ្ឋមន្ត្រីរបស់ខ្ញុំ គឺសម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត បានថ្លែងសុន្ទរកថាពិសេសមួយ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ ដោយមាន ប្រសាសន៍ថា៖ «កម្ពុជា ក៏ដូចជាថៃនឹងទទួលបានផលប្រយោជន៍ពីដំណោះស្រាយប្រកបដោយយុត្តិធម៌ និងចីរភាព ក្រោមការណែនាំរបស់អ្នកជំនាញផ្សះផ្សាអន្តរជាតិ ដោយស្របតាមច្បាប់អន្តរជាតិ។ ដំណោះស្រាយដោយសន្តិវិធីនឹងផ្តល់ផលប្រយោជន៍រួមដល់ប្រទេសទាំងពីរ ហើយនឹងរួមដំណោះស្រាយនេះនឹងចំណែកផងដែរដល់ការកសាងសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។ ការពារអធិបតេយ្យ ពង្រឹងទំនុកចិត្ត ទាញយកផលប្រយោជន៍ពីធនធានថាមពល គាំទ្រដល់ ការអភិវឌ្ឍ និងបង្កើតឱកាសការងារថ្មីៗ មិនមែនសម្រាប់តែពេលបច្ចុប្បន្នប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងសម្រាប់កូនចៅជំនាន់ក្រោយនៃប្រទេសកម្ពុជានិងថៃទៀតផង់»។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ថ្លែងថា៖«កម្ពុជាបានជ្រើសរើសយកជម្រើសនេះដើម្បីស្វែងរកផ្លូវសន្តិភាពទៅមុខ ស្របតាមច្បាប់ អន្តរជាតិ។ កម្ពុជាមើលឃើញដំណើរការផ្សះផ្សានេះថាជាមធ្យោបាយមួយសម្រាប់ស្តារទំនុកចិត្តឡើងវិញ ហើយពុំមែនជាទម្រង់នៃការបង្កើនភាពតានតឹងនោះឡើយ»។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្តថា កម្ពុជា សង្ឃឹមដោយស្មោះថា ប្រទេសថៃចូលរួមដំណើរការផ្សះផ្សាក្នុងស្មារតីស្ថាបនា ហើយស្របពេលគ្នានេះដែរនឹងធ្វើសកម្មភាពឆ្ពោះទៅរកការកែលម្អទំនាក់ទំនងទ្វេភាគី តាមរយៈការអនុវត្តយ៉ាងពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវរាល់កិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ទាំងអស់ ជាពិសេសសេចក្តីថ្លែងការណ៍រួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ សកម្មភាពបែបនេះនឹងសម្រួលឱ្យប្រជាជនភៀសសឹកជាង ២ម៉ឺននាក់អាចវិលត្រឡប់ទៅលំនៅដ្ឋានរបស់ខ្លួនវិញ ការអភិរក្សទីតាំងវប្បធម៌សំខាន់ៗដែលបានរងការខូចខាតក្នុងការប្រយុទ្ធគ្នាហើយនឹងត្រួសត្រាយផ្លូវឆ្ពោះទៅរកប្រក្រតីនៃភាពទំនាក់ទំនងទ្វេភាគី។ កិច្ចប្រឹងប្រែងបែបនេះនឹងរួមចំណែកយ៉ាងសំខាន់ដល់ការកាត់បន្ថយភាពតានតឹង និងការកសាងជំនឿទុកចិត្តឡើងវិញ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ថ្លែងថា៖«ការស្តារសន្តិភាព និងស្ថិរភាពរវាងកម្ពុជា និងថៃ មិនត្រឹមតែផ្តល់ប្រយោជន៍សម្រាប់ប្រជាជននៃប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់សហគមន៍អាស៊ានទាំងមូលទៀតផង»៕

អត្ថបទដែលទាក់ទង

សមត្ថកិច្ចក្រសួងមហាផ្ទៃ តាមបោសសម្អាតទីតាំង Online Scams សេសសល់តូចៗ ៨៥កន្លែង និងឃាត់ខ្លួនជនសង្ស័យជាង ១ពាន់នាក់ ក្នុងខែសីហា
2026/09/15 09:51:32 am        1
ប្រមុខការទូតកម្ពុជា៖«បញ្ហាសំខាន់បំផុតសម្រាប់ជាតិអាចដោះស្រាយបានតាមសន្តិវិធី និងតាមយន្តការពហុភាគីជាជាងតាមការប្រើប្រាស់កម្លាំង»
2026/09/15 09:36:19 am        1
ប្រមុខការទូតកម្ពុជា៖ កម្ពុជាជ្រើសរើសយកជម្រើសយន្តការ UNCLOS ដើម្បី​ស្វែង​រក​ផ្លូវ​សន្តិភាព​ទៅ​មុខ ស្របតាមច្បាប់អន្តរជាតិ
2026/09/15 09:32:43 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ស្ទឹងត្រែង បញ្ចប់ភារកិច្ចមុនគេ ក្នុងវគ្គចែកពូល នៃពានសម្ដេចតេជោ-ថ្នាក់ខេត្ត សប្ដាហ៍នេះ

2026/09/15 10:05:19 am
​សមត្ថកិច្ចក្រសួងមហាផ្ទៃ តាមបោសសម្អាតទីតាំង Online Scams សេសសល់តូចៗ ៨៥កន្លែង និងឃាត់ខ្លួនជនសង្ស័យជាង ១ពាន់នាក់ ក្នុងខែសីហា
2026/09/15 09:51:32 am
​ប្រមុខការទូតកម្ពុជា៖«បញ្ហាសំខាន់បំផុតសម្រាប់ជាតិអាចដោះស្រាយបានតាមសន្តិវិធី និងតាមយន្តការពហុភាគីជាជាងតាមការប្រើប្រាស់កម្លាំង»
2026/09/15 09:36:19 am
​ប្រមុខការទូតកម្ពុជា៖ កម្ពុជាជ្រើសរើសយកជម្រើសយន្តការ UNCLOS ដើម្បី​ស្វែង​រក​ផ្លូវ​សន្តិភាព​ទៅ​មុខ ស្របតាមច្បាប់អន្តរជាតិ
2026/09/15 09:32:43 am
​ប្រមុខការទូតកម្ពុជា៖ គោលបំណងកម្ពុជាជ្រើសរើសយកយន្តការ UNCLOS ដើម្បីសម្រេចឱ្យបាននូវដំណោះស្រាយមួយផ្តល់ផលប្រយោជន៍ដល់ប្រជាជនកម្ពុជា និងថៃ និងរួមចំណែកដល់សន្តិភាព និងវិបុលភាពរួមនៅក្នុងតំបន់
2026/09/15 09:27:36 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/12 10:46:59 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/30 06:34:43 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/14 09:05:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/14 08:05:17 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/13 11:10:05 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm