
ភ្នំពេញ៖ តាមរយៈសារសំឡេងពិសេសនៅយប់ថ្ងៃទី១៤ ខែឧសភា នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា នៅពេលនេះ សម្តេចកំពុងតែរៀបចំចាកចេញពីទីក្រុងវ៉ាស៊ីនតោន ដើម្បីវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ។
សារសំឡេងបញ្ជាក់ថា នៅថ្ងៃនេះផងដែរ ក៏ជាថ្ងៃខួបចម្រើនព្រះជន្ម ព្រះវស្សា របស់ព្រះមហាក្សត្រជាទីសក្ការៈ ហើយសង្ឃឹមថា បងប្អូនជនរួមជាតិទទួលបានការឈប់សម្រាកក្នុងរយៈពេលមួយថ្ងៃ ជាពិសេសមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ។
សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណចំពោះបងប្អូនជនរួមជាតិដែលរស់នៅសហរដ្ឋអាមេរិក និងកាណាដា ដែលមកទទួលសម្តេច និងជួបសំណេះសំណាលជាមួយសម្តេចយ៉ាងសប្បាយរីករាយ។
សម្តេចពិតជាអរគុណ និងមានមោកនភាពចំពោះបងប្អូនជនរួមជាតិដែលបានរស់នៅសហរដ្ឋអាមេរិក និងកាណាដា ដែលមកចូលរួមជាមួយសម្តេចក្នុងភាពថ្លៃថ្នូរដោយមិនធ្វើការតបតណាមួយជាមួយក្រុមអមិត្តដែលតែងបង្កហេតុ។
បើទោះបីជាឧប្បត្តិហេតុបានកើតឡើង ប៉ុន្តែបងប្អូនបានរក្សានៅការអត់ធ្មត់ ហើយសូមបងប្អូនបន្តការអត់ធ្មត់តទៅទៀតជាមួយនឹងសកម្មភាពញុះញង់ វៃប្រហារមកលើបងប្អូន នេះជាឥរិយាបទ នៃភាពជ្រុលនិយមរបស់ពួកក្រុមប្រឆាំងដែលចាត់ទុកថា ជាវីរជននៅពេលដែលគេបានរំលោភបំពានលើច្បាប់ និងបង្ហាញសារជាតិជាអំពើហិង្សាជ្រុលនិយម។
សម្តេចពិតជាមានមោទភាពចំពោះបងប្អូនជនរួមជាតិដែលរស់នៅអាមេរិក និងកាណាដា ដែលរក្សាបាននៅភាពថ្លៃថ្នូរ និងគោរពច្បាប់ នៃសហរដ្ឋអាមេរិក៕



