យុវជនកម្ពុជាប្តេជ្ញាខ្ពស់ជំរុញអភិវឌ្ឍសមត្ថភាពរបស់ខ្លួនឱ្យក្លាយជាសហគ្រិនឆ្នើម និងជាធុរកិច្ចដែលមានសក្តានុពល តាមរយៈការកែច្នៃ និងជំរុញបង្កើតនូវផលិតផលថ្មីៗ បំពេញតម្រូវការទីផ្សារដែលមិនទាន់មាន និងបង្កើតនូវតម្លៃបន្ថែម វិស័យការងារ និងគាំទ្រ ដល់កំណើនសេដ្ឋកិច្ច។

កញ្ញា ទាវ ណាផា និស្សិតមកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា តំណាងឱ្យក្រុមដែលជាប់ជ័យលាភីលេខ១ ពាន់រង្វាន់ត្នោតមាស លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ស្តីពីការសិក្សា និងការអភិវឌ្ឍជំនាញ និងការកែច្នៃផលិតផល នេះថា វិស័យអប់រំ និងការ បណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជា កំពុងមានការអភិវឌ្ឍរីកចម្រើនគួរកត់សម្គាល់ តាមរយៈការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជា ជាក់ស្តែងការបណ្តុះបណ្តាលជំនាញបច្ចេកទេស រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធនាការ ជាតិបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យត្រូវបានជំរុញយ៉ាងសកម្ម។
កញ្ញារូបនេះ បន្តថា ចំពោះការទទួលបានជ័យលាភីលេខ១ នៃពានរង្វាន់ត្នោតមាស មិនមែនកើតឡើងដោយចៃដន្យនោះទេ ពោលគឺកើតចេញពីការខិតខំប្រឹងប្រែងក្នុងការសិក្សា និងការស្វែងយល់បន្ថែមពីអត្ថប្រយោជន៍លើការកែច្នៃ និងការជ្រើសរើសយក កសិផលសម្រាប់ការកែច្នៃ ជាក់ស្តែងក្រុមរបស់ពួកគាត់បានសម្រេចយកគ្រាប់ស្វាយចន្ទី ដែលកំពុងសំបូរនៅក្នុងស្រុកយកមកកែច្នៃ ចេញជាភេសជ្ជៈប្រូបាយអូទិក ដែលផ្តល់អត្ថប្រយោជន៍យ៉ាងខ្លាំងដល់ប្រព័ន្ធរំលាយអាហារ ក្រពះ និងពោះវៀន។ តាមរយៈនេះដែរ ពួកគាត់ក៏មានមហិ្ឆតារួមគ្នាបង្កើតឱ្យចេញជាផលិតផលសម្រេច និងការបង្កើតផលិតផលផ្សេងៗទៀតគំាទ្រដល់ទីផ្សារ។

កញ្ញា តាំង ពេជ្រ និមល និស្សិតមកពីវិទ្យាស្ថានវិទ្យាសាស្រ្តសុខាភិបាល ខ.ភ.ម តំណាងក្រុមដែលជាប់ជ័យលាភីលេខ១ នៃ ពានរង្វាន់គីណាល់ ដែលជ្រើសយកប្រធានបទ (លក្ខណៈសម្បត្តិរបស់សារធាតុប្រឆាំងអុកស៊ីតកម្មនៅក្នុងទឹកផ្លែញរត្រាំ) មកប្រកួត ប្រជែង លើកឡើងថា ទាក់ទងវិស័យសុខាភិបាលនេះឃើញថា ពីមួយឆ្នាំទៅមួយឆ្នាំ រាជរដ្ឋាភិបាលបានវិនិយោគយ៉ាងសកម្មលើយុទ្ធ សាស្ត្រគន្លឹះ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ សេវាសុខាភិបាល ធនធានមនុស្ស និងប្រព័ន្ធគាំពារសុខភាពជាសកលជាដើម ។ បញ្ហានេះនៅពេលខាងមុខ ពួកគាត់នឹងខិតខំប្រឹងប្រែងឱ្យក្លាយជាបុគ្គលដែលមានសក្តានុពល ចូលរួមបង្កើតនូវផលិតផលឱ្យកាន់តែ សំបូរបែប កាត់បន្ថយការនាំចូល និងការនាំចេញ។

ឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង ប្រធានមូលនិធិគីណាល់ លើកឡើងថា មូលនិធិគីណាល់បានបង្កើតឡើងនៅឆ្នាំ២០១៧ មូលនិធិក៏បានបង្កើតឱ្យកម្មវិធីពានរង្វាន់ត្នោតមាស សម្រាប់ផ្តល់ឱកាសប្រកួតប្រជែងសម្រាប់និស្សិត ផ្នែកកសិកម្ម និងកែច្នៃចំណី អាហារ។ រៀងរាល់ឆ្នាំកម្មវិធីទាំងពីរនេះ បានក្លាយជាចលករក្នុងការជំរុញ និងលើកទឹកចិត្តដល់យុវជនជំនាន់ក្រោយ ចូលរួមសិក្សារស្រាវជ្រាវបណ្តុះគំនិត និងបង្កើតច្នៃប្រឌិតថ្មី ដើម្បីចូលរួមអភិវឌ្ឍន៍ វិស័យកែច្នៃផលិតផលកសិកម្មនៅកម្ពុជា និងចូលរួមផ្តល់តម្លៃបន្ថែមដល់កសិផលពីទីជនបទ និងរួមចំណែកដល់ការអភិវឌ្ឍសុខភាព សាធារណៈផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី





