តំណាងរាជរដ្ឋាភិបាលកម្ពុជា ស្ថានទូតអូស្ត្រាលី កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (យូអិនឌីភី) និងអង្គការអេននីជីឡេបអាស៊ី រៀបចំសប្ដាហ៍ថាមពលស្អាតឆ្នាំ២០២៦ ដើម្បីជំរុញសន្តិសុខថាមពល និងភាពធន់នៃសេដ្ឋកិច្ចរបស់កម្ពុជា ខណៈវិបត្តិប្រេងឥន្ធនៈ សកល និងឧស្ម័នអន្តរជាតិ កំពុងគំរាមកំហែង។

តំណាងរាជរដ្ឋាភិបាលកម្ពុជា ស្ថានទូតអូស្ត្រាលី កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (យូអិនឌីភី) រួមជាមួយអង្គការអេននីជី ឡេបអាស៊ី នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នេះ បានរៀបចំសប្ដាហ៍ថាមពលស្អាតឆ្នាំ២០២៦ ក្រោមប្រធានបទ «ថាមពលស្អាត ដើម្បីសន្តិសុខថាមពល និងភាពធន់នៃសេដ្ឋកិច្ច» ផ្តោតទៅលើតួនាទីដ៏សំខាន់របស់ថាមពលស្អាត ក្នុងការលើកកម្ពស់សន្តិសុខ ថាមពល និងភាពធន់នៃសេដ្ឋកិច្ចរបស់ប្រទេស ប្រធានបទឆ្នាំនេះឆ្លុះបញ្ចាំងពីចំណុចរបត់ដ៏សំខាន់មួយសម្រាប់ប្រទេសកម្ពុជា។ អន្តរកាលថាមពលស្អាត គឺជាគន្លឹះដ៏សំខាន់ ក្នុងការបង្កើនភាពអាចទុកចិត្តបាន និងតម្លៃសមរម្យ នៃការផ្គត់ផ្គង់ថាមពលរបស់កម្ពុជា ស្របនឹងការកសាងសេដ្ឋកិច្ចមួយដែលមានសុវត្ថិភាពជាងមុន និងមានភាពម្ចាស់ការលើខ្លួនឯង។ ការបោះជំហានដ៏ធំរបស់កម្ពុជា ក្នុង ការបង្កើនការប្រើប្រាស់ថាមពលស្អាត នឹងកាត់បន្ថយផលប៉ះពាល់ទៅលើវិស័យសេដ្ឋកិច្ចសំខាន់ៗ ដែលបណ្តាលមកពីការប្រែប្រួល តម្លៃប្រេងឥន្ធនៈ នៅលើទីផ្សារអន្តរជាតិ ព្រមទាំងជួយការពារសមត្ថភាពប្រកួតប្រជែងផ្នែកសេដ្ឋកិច្ចរបស់កម្ពុជា និងបើកឱកាសថ្មីៗ សម្រាប់ការវិនិយោគ និងបង្កើតការងារដែលមានគុណភាព។
ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លើកឡើងថា កម្ពុជាសម្រេចបាននូវវឌ្ឍនភាពយ៉ាងសំខាន់ ក្នុងការ កសាងប្រព័ន្ធថាមពលស្អាត។ បញ្ហានេះកម្ពុជាកំពុងវិនិយោគលើប្រព័ន្ធស្តុកថាមពល ភាពបត់បែន និងការតភ្ជាប់បណ្តាញឱ្យកាន់តែ រឹងមាំដែលចាំបាច់ សម្រាប់ធានានូវភាពអាចទុកចិត្តបាននៃថាមពលកកើតឡើងវិញ ដែលមានចំណែកកាន់តែច្រើនឡើងនៅក្នុងប្រព័ន្ធ ថាមពល។ ភាពប្រែប្រួលនៃទីផ្សារប្រេងឥន្ធនៈអន្តរជាតិក្នុងឆ្នាំនេះ គឺជាការរំលឹក និងបង្ហាញពីសារៈសំខាន់នៃការងារចាំបាច់ផងដែរ។ នៅពេលដែលយើងប្រើប្រាស់ថាមពលស្អាត និងមានតម្លៃសមរម្យនៅក្នុងវិស័យដឹកជញ្ជូន អាជីវកម្ម និងឧស្សាហកម្ម នឹងពង្រឹង សមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា ការទាក់ទាញការវិនិយោគ ព្រមទាំងបង្កើតការងារកាន់តែប្រសើរនៃជីវភាពរស់នៅ ដែលមាន សុវត្ថិភាពជាងមុននៅទូទាំងប្រទេស ជាពិសេសការទទួលបានថាមពលស្អាតដែលមានភាពធន់នៃសេដ្ឋកិច្ចកម្ពុជា។

ឯកឧត្តម ដេរិក យីប (Derek Yip) ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា បានលើកឡើងថា ថាមពលស្អាតគឺជាគន្លឹះសម្រាប់ សន្តិសុខថាមពល និងភាពធន់នៃសេដ្ឋកិច្ច ហេតុនេះហើយទើបប្រទេសអូស្ត្រាលីកំពុងគាំទ្រដល់ដំណើរការអន្តរកាលថាមពលស្អាត របស់កម្ពុជា តាមរយៈគំនិតផ្តួចផ្តើមនានា ដែលជួយពង្រឹងការរៀបចំផែនការប្រព័ន្ធថាមពល និងសមត្ថភាពនៃការបញ្ជូនថាមពល ពង្រីកលទ្ធភាពទទួលបានហិរញ្ញប្បទានបៃតង និងបង្កើតឱកាសការងារប្រកបដោយបរិយាបន្នក្នុងវិស័យថាមពលស្អាត។ បញ្ហានេះ រដ្ឋាភិបាលអូស្ត្រាលីបន្តប្តេជ្ញាចិត្តធ្វើការងាររួមគ្នាជាមួយកម្ពុជា ក្នុងពេលដែលប្រទេសកម្ពុជាកំពុងកសាងអនាគតថាមពល ដែលស្អាត ជាងមុនមានសុវត្ថិភាពជាងមុននិងមានភាពធន់ជាងមុន។

លោក ង៉ោ សឺនណត្តារុណ នាយកប្រចាំតំបន់របស់អង្គការអេននីជីឡេបអាស៊ី លើកឡើងងបន្ថែមថា ថាមពលស្អាតគឺជាខែល ដ៏រឹងមាំបំផុតរបស់កម្ពុជា វាមិនមែនគ្រាន់តែជាជម្រើសផ្នែកបរិស្ថានទៀតនោះទេ ប៉ុន្តែវាជាគន្លឹះបើកផ្លូវឆ្ពោះទៅរកសន្តិសុខថាមពល លំហូរមូលធនសកល និងទីផ្សារដែលមានភាពប្រកួតប្រជែង។ ពោលគឺ គឺជាកម្លាំងចលករដែលជំរុញកម្ពុជា ឆ្ពោះទៅរកឧស្សាហកម្ម ដែលមានតម្លៃខ្ពស់៕ អត្ថបទ៖ សុន រ៉ាឌី


